សម រង្ស៊ី៖ ហ៊ុន សែន បាញ់សម្លាប់ កែម ឡី
សំនុំរឿងឃាតកម្ម លើអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ទំនងជានៅឆ្ងាយពីទីបញ្ចប់ ខណៈការស៊ើបអង្កេត ឬវីដេអូដែលទំនងជាថតឃើញ ពីឃាតករពិត នៅឆ្ងាយពីការប្រកាសជាសាធារណៈ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ គេបានដឹងរឿងតិចតួចជាទីបំផុត ចេញពីសំនុំរឿង ឬពីការស៊ើបអង្កេតនេះ ក្រៅពីជនសង្ស័យម្នាក់ ដែលដាក់រហស្សនាមខ្លួន ថា«ជួប សម្លាប់» និងដែលត្រូវបានអាជ្ញាធរចង្អុលថា ជាឃាតករ។
សម្រាប់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង នៅវេលានេះវិញ លោកបានចង្អុលចំ ទៅលោក ហ៊ុន សែន តែម្ដង ថាជាអ្នកសម្លាប់លោក កែម ឡី។ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងដូចនេះ នៅក្នុងការជួបជុំសួរឆ្លើយមួយ ជាមួយនឹងក្រុមអ្នកគាំទ្រ នៅទីក្រុង ក្លែម៉ុង ហ្វេរ៉ង់ (Clermont-Ferrand) នៅភាគកណ្តាលនៃប្រទេសបារាំង កាលពីរសៀលថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញ។
លោក សម រង្ស៊ី បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា [...]



