បណ្ដាជនកូរ៉េធ្វើបាតុកម្ម ដើម្បី... ភាពរុងរឿងរបស់ គីម ជុងអ៊ុន
«សូមសមមិត្ត គីម ជុងអ៊ុន (Kim Jong-un) មានអាយុយឺនយូរ» ស្នូរសម្លេងស្រែកហ៊ោរខ្លាំងៗ ពីសំណាក់បាតុករកូរ៉េខាងជើង រាប់សិបពាន់នាក់ ឮចេញកាលពីថ្ងៃសុក្រ ពីទីលានគីម អ៊ីលស៊ុង (Kim Il-sung) កណ្ដាលរដ្ឋធានីព្យុងយ៉ាង ដែលជារឿយៗ ការជួបប្រជុំគ្នាណាមួយក៏ដោយ តែត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ និងតឹងតែង ពីសំណាក់អាជ្ញាធរកុម្មុយនីស។
នៅលើបដាមួយ ដែលកាន់ដោយក្រុមបាតុករទាំងនោះ មានសរសេរថា៖ «ឆ្ពោះទៅមុខ ក្នុងដំណើរបោះជំហ៊ាន ដោយជោគជ័យ នៃលិទ្ធិសង្គមនិយម»។
ប្រមុខដឹកនាំតពូជ នៃរបបកុម្មុយនីស លោក គីម ជុងអ៊ុន ដែលត្រូវបានចាត់ទុក ជា«អគ្គមគ្គុទេសវ័យក្មេងដ៏មហិមា»នោះ បានថ្លែងសុន្ទរកថា ប្រមាណជាកន្លះម៉ោង កាលពីថ្ងៃអាទិត្យមុន ដើម្បីសាទរការចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ។ ការថ្លែងនោះ បានសង្កត់ធ្ងន់ភាគច្រើន ទៅលើកម្មវិធីនុយក្លេអ៊ែរ របស់របបដឹកនាំខ្លួន។ លោក គីម បានអះអាងថា ប្រទេសកូរ៉េខាងជើង [...]