ខ្សែអាត់សម្លេង ថោង សារ៉ាត់ ថាករណីខ្លួនជារឿង«ស្វាស៊ីបាយលាបមាត់ពពែ»
ជាមួយនឹងសម្លេងយំយែក លោកឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងរត់គេចខ្លួន បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់គ្រួសាររបស់លោក ព្រមទាំងបានបដិសេធ នូវរាល់ការចោទប្រកាន់ទាំងអស់ របស់សមត្ថកិច្ចដែលចោទប្រកាន់ថា លោកគឺជាឃាតករសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
ឧកញ៉ាវ័យក្មេងរូបនោះ បាននិយាយថា មានតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ ដែលអាចជួយរកយុត្តិធម៌ឱ្យខ្លួន និងក្រុមគ្រួសារបាន។ លោកសំណូមពរឱ្យនាយករដ្ឋមន្រ្តី ជួយធ្វើអន្តរាគមន៍ធ្វើការស៊ើបអង្កេតករណីនេះឡើងវិញ ព្រោះវាជារឿងអយុត្តិធម៌ខ្លាំងណាស់ សម្រាប់គ្រួសាររបស់លោក ដែលត្រូវគេមូលបង្កាច់។
លោក ថោង សារ៉ាត់ ទទូចដល់បុរសខ្លាំងតែមួយ នៅកម្ពុជាថា៖ «សុំក្តីមេត្តាទៅ សុំត្រួតពិនិត្យឡើងវិញ ស៊ើបអង្កេតឡើងវិញគ្រប់ការងារហ្នឹង ការងារនេះអយុត្តិធម៌ខ្លាំងណាស់។ [...]