តើរដ្ឋអ៊ីស្លាម (ISIS) រៀបចំការទន្ទ្រានកាន់កាប់របស់ខ្លួន យ៉ាងដូចម្ដេច?
ការស៊ើបអង្កេតរបស់ទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានបង្ហញឲ្យដឹងថា ដំណើរលឿនទៅមុខ នៃអង្គការភេវរនិយម រដ្ឋអ៊ីស្លាម (EI ឬ ISIS) នៅប្រទេសស៊ីរី មិនមែនកើតឡើង ដោយចែដន្យ ឬដោយគ្រាន់តែលើកដៃគ្រវាសនោះទេ។ តែវាពិតជា ត្រូវបានរៀបចំឡើង យ៉ាងម៉ត់ចត់ និងមានយុទ្ធសាស្ត្រត្រឹមត្រូវ ដោយភ្នាក់ងារចារកម្ម ដែលមានជំនាញខ្ពស់។
បើតាមរបាយការណ៍ របស់ទស្សនាវដ្ដីអាល្លឺម៉ង់ បានឲ្យដឹងថា ការវាយដណ្ដើមកាន់កាប់ទឹកដី របស់អង្គការរដ្ឋអ៊ីស្លាម ត្រូវបានត្រៀមបម្រុងមុន ដោយយុទ្ធនាការ ស៊ើបការសម្ងាត់ យ៉ាងធំទូលាយមួយ ទៅលើទីក្រុង និងខេត្តជាច្រើន នៅភាគខាងជើង នៃប្រទេសស៊ីរី។ ភ្នាក់ងារចារកម្ម ដែលបានដឹកនាំការត្រៀមបម្រុង និងជាអ្នកចង្អុលផ្លូវនោះ បានធ្វើការងារទាំងនោះ នៅក្នុងបណ្ដាទីក្រុង និងខេត្ត ក្រោមរូបភាព ជាបេសកជនរបស់សាសនាអ៊ីស្លាម (មានដូចជាចូលមក ដើម្បីធ្វើការផ្សព្វផ្សាយសាសនា ឬជាអ្នកឈឺឆ្អាល ខាងសាសនា។ល។)។ [...]
