អាចារ្យហែម-ចៀវ៖ ប្រវត្តិវីរជនស្នេហាជាតិ ចេញពីព្រះសង្ឃ
រំលឹកពីមហាបុរសខ្មែរ- វីរបុរស អាចារ្យហែម ចៀវ បានរលត់ខ័ន្តទៅ ដោយមិនបានឃើញរាជាណាចក្រកម្ពុជា ជាទីស្រឡាញ់របស់លោក បានរួចផុតពីនឹមអណានិគមនិយមបារាំងនោះឡើយ។ យ៉ាងណាក៏ដោយ លោកត្រូវបានលើកជាវីរបុរសមួយដ៏ឆ្នើមផ្នែកនយោបាយ បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ បានសម្រេចចាត់ឲ្យនាំអដ្ឋិធាតុលោកអាចារ្យ ហែម ចៀវ មកធ្វើបុណ្យជាឧឡារិក សមតាមកិត្តិយសដែលជាតិ ត្រូវតម្កល់តម្កើនលោកជារដ្ឋបុរស។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមរំលឹកពីប្រវត្តិរបស់លោកខ្លះៗ ដើម្បីទុកជាការរំលឹកដល់ វីរៈភាពរបស់លោក។
លោកអាចារ្យ ហែម ចៀវ កើតនៅថ្ងៃអង្គារ៏ ខែមាឃ ព.ស ២៤៤១ គ.ស ១៨៩៨ នៅឃុំ ទំនប់ធំ ស្រុក ញញាឮខេត្តកណ្តាល (ខេត្តកំពង់ស្ពឺ តាមឯកសាររបស់ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស)។ លោកជាកូនទីពីរនៅក្នុង គ្រួសារដែលមានឪពុកឈ្មោះ ហែម ជាមេស្រុក និងម្តាយឈ្មោះទីវ រួមនឹងបងប្អូនបួននាក់ទៀត ឈ្មោះ លោក ហែម លី លោក ហែម ហួត [...]



