
អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ លត់ ស្លូវាគី លើសពីពិន្ទុ៣-០
បើគ្មានការទប់-ទះ-ច្រានបាល់ចេញ ពីសំណាក់អ្នកចាំទីជាតិស្លូវាគី ឬការទាត់បាល់មិនចំគោលដៅល្អ ពីសំណាក់កីឡាករអាល្លឺម៉ង់មួយចំនួនទេនោះ ក្រុមស្លូវាគីប្រាកដជាត្រឡប់ទៅផ្ទះវិញ ជាមួយនឹងពិន្ទុចាញ់ យ៉ាងហោច ៥ទល់នឹងសូន្យ។
និយាយឲ្យខ្លី ឡើងមកដល់វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះ ក្រុមណាក៏ដូចក្រុមណាដែរ សុទ្ធតែមានគំនិតថា «បើឯងមិនចាញ់ គឺមានតែអញទេ ដែលចាញ់ ហើយចេញត្រឡប់ទៅផ្ទះវិញ»។ ជាពិសេសទៅទៀត ដូចជាក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤មួយនេះ ប្រាកដជាមិនទុកឲ្យខ្លួនឯង«ចាញ់» ហើយ«ហាលអាវ»ត្រឡប់ទៅផ្ទះវិញ និងមិនទុកឲ្យស្រមោល នៃការប្រកួតចាញ់របស់ខ្លួន កាលពីមួយខែមុន (ជាការប្រកួតសាកល្បងកម្លាំង មុនចូលមកអ៊ឺរ៉ូ២៩១៦) ត្រឡប់មកវិញនៅក្នុងថ្ងៃនេះឡើយ។
គ្រាន់តែចាប់ផ្ដើមប្រកួតភ្លាម ក្រុមអាល្លឺម៉ង់បានវាយលុក និងរកគ្រាប់បាល់បាន តាំងពីនាទីទី៨ ដោយថ្វីជើងរបស់កីឡាករខ្សែការពារ ឈ្មោះ [...]