បុត្រីព្រះអង្គម្ចាស់ ដួងសុវណ្ណរដ្ឋ សន្លប់ពេលឃើញសពបិតា
«ប៉ាអ៊ើយ... ខ្ញុំមកដល់ហើយ... ប៉ាមិនទុកឲ្យខ្ញុំមកទាន់ដង្ហើមប៉ាចុងក្រោយទេ ប៉ាឲ្យកូនសុំទោស...» ទាំងនេះ ជាសម្លេងដ៏សោកសង្រេង របស់អ្នកស្រី ដួង សុជាតា បុត្រីនៃព្រះអង្គម្ចាស់ ដួង សុវណ្ណរដ្ឋ ចេញពីពិធីបុណ្យសពទ្រង់ នៅរសៀលនេះ។ កញ្ញា ភូ ទីតា សកម្មជនខាងកិច្ចការសង្គមមួយរូប បានបង្ហោះវីដេអូ ផ្សាយបន្តផ្ទាល់ ពីទិដ្ឋភាពដ៏ខ្លោចផ្សារ នៅមុននេះបន្តិច ដោយបានសរសេរបញ្ជាក់ថា៖ «បុត្រីរបស់ព្រះអង្គ ដួងសុវណ្ណរដ្ឋ បានមកដល់កម្ពុជាហើយ ហើយក៏បានមកដល់បុណ្យសពលោកតា ដែរ»។
ពាក្យ«លោកតា» ដែលកញ្ញា ភូ ទីតា និយាយលើកមកនេះ សំដៅទៅរកនាមហៅក្រៅ «តាប៉ក់» ដែលប្រជាពលរដ្ឋ រស់នៅភូមិផងរបងជាមួយ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហៅព្រះអង្គម្ចាស់ ដួង សុវណ្ណរដ្ឋ ដែលបានរស់នៅលាក់ព្រះកាយ អស់ជាច្រើនសិបឆ្នាំ មុននឹងត្រូវបានរកឃើញព្រះអង្គវិញ [...]