សួន សេរីរដ្ឋា ដៀមដាម​ដាក់​បក្ស... ដែល​ពូកែ​ជេរ​ដៀល!

មានគណបក្សបីក្រុម ដែលត្រូវ​លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចាត់ទុកថា ជាគណបក្សនយោបាយ «មិនជួយ»ដោះស្រាយបញ្ហា ជូនពលរដ្ឋ។ ពីក្នុងចំណោម ក្រុមគណបក្សទាំងបីនោះ មានក្រុមមួយ ត្រូវបានលោកប្រធានគណបក្សរូបនេះ វាយតម្លៃថា «គិតតែពីជេរដៀលពលរដ្ឋ»។
សួន សេរីរដ្ឋា ដៀមដាម​ដាក់​បក្ស... ដែល​ពូកែ​ជេរ​ដៀល!
លោក ខឹម វាសនា ប្រធាន​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថត លើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 24, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមពិតទៅ រឿងរ៉ាវអួតអាង រវាងគណបក្សនយោបាយនីមួយៗ ដោយតាំងខ្លួនថា ជាគណបក្សដែលអស្ចារ្យ មានកម្មវិធី ឬយន្ដការនយោបាយ ដើម្បីជួយដោះស្រាយបញ្ហា ជូនពលរដ្ឋ ឬជូនប្រទេសជាតិ ដោយប្រការបែបណានោះ មិនមែនជារឿងថ្មីទេ។ តែរឿងដែលប្លែក គឺប្រធានគណបក្សថ្មីមួយ ដែលទើបនឹងបង្កើត ចាប់ពីឆ្នាំ២០១៥មកនោះ បានចាត់គណបក្សទាំងឡាយ ដែលកើតឡើង នៅមុនឆ្នាំ២០១៥ ថាមានបីក្រុម និងមិនមានលក្ខណៈសម្បត្តិ​ល្អល្អះ ដូចគណបក្សខ្លួន។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេររៀបរាប់យ៉ាងដូច្នេះ នៅមុននេះបន្តិច ដោយបរិហារក្រុមគណបក្សនយោបាយ ទាំងបីនោះ មានដូចតទៅ៖

១) អាមួយក្រុម ធ្វើបាបពលរដ្ឋខ្មែរគ្នាឯង លើកយួនជាចៅហ្វាយ
២) អាមួយក្រុម ប្រមូលយករូបភាព និងសកម្ម(ភាព) ដែលគេធ្វើបាបពលរដ្ឋ យកទៅផ្សាយលក់យកលុយ នៅក្រៅប្រទេស និង
៣) អាមួយ(ក្រុមទៀត) គិតតែពីជេរដៀល ពលរដ្ឋដែលគេធ្វើបាបនោះថែមថា ល្ងង់ ថាភ្លើ ថាឈាមថោក... ។ល។

ប្រធានគណបក្ស ដែលមានប្រភព កើតពីចលនា«អំណាចពលរដ្ឋខ្មែរ» នៅឯក្រៅប្រទេស បានពន្យល់សរុបសេចក្តីថា៖ «ពលរដ្ឋរងគ្រោះ នៅតែរងគ្រោះ គេធ្វើបាប គេរំលោភបាន នៅតែគេធ្វើបាប និងរំលោភ ហើយថែមទាំងមាន​អាអ្នក​មើល​ងាយ​ថែម​ទៀត។ ពួកអា ៣ ក្រុមខាងលើនេះ គ្មានដែលមានដំណោះស្រាយអ្វី ដើម្បីជួយពលរដ្ឋ ដើម្បីពង្រឹងឲ្យពលរដ្ឋ មានសមត្ថភាពរឹងមាំ ដើម្បីរំដោះទុក្ខខ្លួនឯងឡើយ។»។

បើនិយាយពី«អាពីរក្រុម»​ខាងដើម គេប្រាកដជាដឹងហើយ ថាលោក សួន សេរីរដ្ឋា ចង់និយាយពីគណបក្សណា។ តែសម្រាប់ «អាមួយក្រុមទីបី ដែលគិតតែ​ពីជេរ​ដៀល​ពលរដ្ឋ» ថា«ល្ងង់ ភ្លើ ឈាមថោក» នោះ ទំនងជាប្រធានគណបក្សអំណាចខ្មែរ ចង់ដៀមដាមឌឺដង ដាក់​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា ដែលល្បីល្បាញ ខាងការប្រើវោហាស័ព្ទ «ជេរប្រទេច» នៅតាមប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងរយៈពេលចុងក្រោយនេះ សង្គ្រាមសំដីរវាងគណបក្សទាំងពីរ ដែលដឹកនាំដោយលោក សួន សេរីរដ្ឋា និងលោក ខឹម វាសនា បានងើបផ្ទុះមកវិញ ជាពិសេសនៅក្រោយការហៅ អ្នកនយោបាយខ្មែរណា ដែលតាំងខ្លួនជាឪ និងពូកែយំយែក ថាជាអ្នកនយោបាយ«ព្រលឹងព្រាយ» ពីសំណាក់ប្រធានគណបក្សអំណាចខ្មែរ។ ការហៅនោះ ត្រូវបានគេមើលឃើញថា លោក សួន សេរីរដ្ឋា ចង់សំដៅទៅលោក ខឹម វាសនា ដែលទើបនឹងប្រើភាសា ឪពុក-កូន និងបានយំយែក ហៀរទឹកភ្នែកទឹកសំបោរ ផ្សាយបន្តផ្ទាល់ នៅតាមបណ្ដាញសង្គម នៅចំពោះព្រឹត្តិការណ៍ចាប់ខ្លួន សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយអាជ្ញាធរខេត្តកំពត កាលពីដើមខែកុម្ភៈថ្មីៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...