សម រង្ស៊ី៖ គណបក្សកាន់អំណាច តែងតែកម្ចាត់គណបក្សប្រឆាំង
គណៈបក្សកាន់អំណាច តែងតែព្យាយាមកម្ចាត់គណបក្សប្រឆាំង យ៉ាងហោចណាស់ក៏ចរិកនយោបាយនេះ នៅបន្តមានរហូតដល់ពេលបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់អ្នកសារព័ត៌មាន នៅវិមានរដ្ឋសភាជាតិ បន្ទាប់ពីបានបញ្ជប់កិច្ចប្រជុំពិភាក្សា ស្តីពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៤នេះ។
លោក សម រង្ស៊ី បាននិយាយថា វាគឺជាវប្បធម៌កម្ចាត់គ្នា ដែលឈានដល់វប្បធម៌ហឹង្សា ក៍ធ្លាប់មានដែរ។ លោក បានថ្លែងទៀតថា៖ «បើគេមិនកម្ចាត់រាងកាយទេ ក៍គេកម្ចាត់តាមផ្លូវច្បាប់ ឫតាមប្រព័ន្ធតុលាការដែរ ដើម្បីបញ្ជប់ជីវិតនយោបាយ នៃអ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ដូចជាមានការដកអភ័យឯកសិទ្ធិ មានការបណ្តេញចេញពីរដ្ឋសភា មានការឲ្យតុលាការផ្តន្ទាទោសឲ្យជាប់គុក [...]