ស្ត្រីប្រធានាធិបតីប្រេស៊ីល ត្រូវបានទម្លាក់ពីតំណែងជាផ្លូវការ
អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ (Dilma Rousseff) អាយុ៦៨ឆ្នាំ ត្រូវបានទម្លាក់ពីតំណែង ជាប្រធានាធិបតីនៃប្រទេសប្រេស៊ីល ជាស្ថាពរហើយ នៅថ្ងៃពុធម្សិលម៉ិញ ដោយសម្លេងច្រើនជាង២ភាគ៣ នៃព្រឹទ្ធសភាជាតិ ដែលជាស្ថាប័នចុងក្រោយ សម្រាប់នីតិវិធីទម្លាក់ប្រធានាធិបតី ដ៏ចម្រូងចម្រាស់ របស់ប្រទេស ដែលស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ។ ការទម្លាក់អ្នកស្រី ចេញពីតំណែងនេះ បានធ្វើឡើងក្រោយបទចោទប្រកាន់ ថាអ្នកស្រីបានបន្លំ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
មុននឺងមកដល់ដំណាក់កាលបោះឆ្នោតចុងបញ្ចប់នេះ អ្នកស្រី រ៉ូសែហ្វ បានព្យាយាមការពារខ្លួន នៅចំពោះសមាជិកព្រឹទ្ធសភា អស់រយៈពេល៦ថ្ងៃមកហើយ។ ប៉ុន្តែនៅទីបញ្ចប់ ព្រឹទ្ធសភាដែលមានសមាជិក ៨១នាក់ បានសម្រេចទម្លាក់អ្នកស្រី ដោយសម្លេង៦១ ទល់នឹង២០ នៅវេលាម៉ោងប្រមាណជាង ១១ព្រឹក ម៉ោងក្នុងស្រុក។ អ្នកស្រី រ៉ូសែហ្វ ដែលជាឥស្សរជននយោបាយ ចេញពីគណបក្សឆ្វេងនិយមនេះ [...]