ត្រាំ រងការបរិហារពីសមាជិកគណបក្សខ្លួនថា ជាជន«កំសាក»
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ សីហា ២០១៦
- កែប្រែចុងក្រោយ: August 03, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីថ្ងៃចន្ទ ចូលមកដល់ថ្ងៃអង្គារនេះ លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដើម្បីដណ្ដើមតំណែងប្រធានាធិបតីអាមេរិក បានរងការរិះគន់ដ៏ខ្លាំងក្លា ពីសំណាក់បណ្ដាជនអាមេរិក និងពីសំណាក់ បើសូម្បីសមាជិកគណបក្សខ្លួនឯង។ ហេតុការណ៍នោះ បណ្ដាលមកពីលោក ដូណាល់ ត្រាំ បានធ្វើការរិះគន់ និងចំអកដោយផ្ទាល់ ទៅកាន់សមាជិកគ្រួសារ របស់យុទ្ធជនពលីម្នាក់ ដែលកាន់សាសនាមូស្លីម និងដែលបានស្លាប់ កាលពីឆ្នាំ២០០៤ ដើម្បីជួយសង្គ្រោះយុទ្ធមិត្តរបស់ខ្លួន នៅក្នុងប្រទេសអៀរ៉ាក់។
លោក ចន ម៉ាកេន (John McCain) ព្រឹទ្ធសមាជិកមួយរូប មកពីគណបក្សសាធារណរដ្ឋ ដែលទទួលបានការគោរពដ៏ខ្លាំងក្លា នៅសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃចន្ទ ទាក់ទងនឹងការលើកឡើងដ៏អាស្រូវ របស់បេក្ខជនប្រធាធិបតីរូបនេះថា៖ «វាជាពេលវេលា សម្រាប់លោក ដូណាល់ ត្រាំ ក្នុងការផ្ដល់គំរូ ទៅដល់ប្រទេសជាតិរបស់យើង និងទៅដល់គណបក្សសាធារណរដ្ឋ»។
ជាការរំលឹកឡើងវិញ ឪពុករបស់យុទ្ធជនពលីរូបនោះ ដែលមានត្រកូល ខាន់ (Khan) បានចេញមកថ្លែង ប្រកបដោយភាពរំជើបរំជួល នៅក្នុងវេទិកាមហាសន្និបាតជាតិ របស់គណបក្សប្រជាធិបតេយ្យ កាលពីប៉ុន្មានថ្ងៃមុន ទាក់ទងនឹងមរណភាព ដែលប្រកបដោយវីរភាព របស់កូនប្រុសរបស់លោក និងក៏ដូចជាបានឆ្លើយតប ទៅកាន់លោក ដូណាល់ ត្រាំ ពីជំហរនយោបាយប្រឆាំងភេរវកម្ម របស់បេក្ខជនរូបនេះ ក្នុងការ«ហាមឃាត់»បណ្ដាជន ដែលកាន់សាសនាមូស្លីម មិនឲ្យចូលមកជាន់ទឹកដីអាមេរិក។
ប៉ុន្តែលោក ដូណាល់ ត្រាំ បានជ្រើសរើសចម្លើយ តបទៅលោក ខាន់ ដែលជាមេធាវីមួយរូបផង តាមរយៈសារមួយ ដែលបង្ហោះក្នុងបណ្ដាញសង្គមទ្វីសធើរ (Twitter) ដូច្នេះថា៖ «លោក ខាន់ ដែលមិនស្គាល់ខ្ញុំសោះ បានវាយប្រហារខ្ញុំយ៉ាងសាហាវ ពីលើវេទិការបស់គណបក្សប្រជាធិបតេយ្យ ហើយកំពុងបន្តធ្វើទៀត នៅគ្រប់បណ្ដាស្ថានីយ៍ទូរទស្សន៍ទាំងអស់។ ពិតជាល្អមែន!»។
មិនត្រឹមតែប៉ុណ្ណឹង លោក ត្រាំ បានឆ្លៀតបន្ថែមភ្លើងទៀតថា ម្ដាយរបស់យុទ្ធជនពលី ត្រូវបាន«បង្ខំ»ឲ្យស្ងាត់មាត់ នៅក្នុងពេលដែលស្វាមីខ្លួនថ្លែងនៅលើវេទិកា។ ការស្ងាត់មាត់នោះ ត្រូវបានលោក ត្រាំ វាយតម្លៃថា បណ្ដាលមកពីអ្នកស្រី ជាអ្នកកាន់សាសនាមូស្លីម។ តែអ្នកស្រីជាម្ដាយរូបនោះ បានពន្យល់ទៅកាន់លោក ត្រាំ វិញថា សភាពឈឺចាប់របស់អ្នកស្រី ព្រោះការបាត់បង់កូនប្រុសសម្លាញ់ បានធ្វើឲ្យអ្នកស្រី មិនមានពាក្យអ្វីត្រូវនិយាយឡើយ។
នៅចំពោះការវាយប្រហារ ទៅដល់ទាហានអាមេរិកពលី ដែលត្រូវបានចាត់ទុកជា «វីរបុរសជាតិ» របៀបនេះ លោក ម៉ាកេន ដែលខ្លួនលោកធ្លាប់បម្រើការជាទាហាន រហូតត្រូវបានចាប់ខ្លួន និងរងទារុណកម្មច្រើនឆ្នាំ នៅក្នុងសង្គ្រាមវៀតណាមនោះ បានធ្វើប្រតិកម្មតបទៅលោក ត្រាំ ថា៖ «បើទោះជាគណបក្ស បានជ្រើសតាំងលោក (ដូណាល់ ត្រាំ) ឲ្យឡើងមកដណ្ដើមតំណែង ជាប្រធានាធិបតីក៏ដោយ ប៉ុន្តែការតែងតាំងនេះ មិនផ្ដល់សិទ្ធិឲ្យលោក ក្នុងការបរិហារមនុស្សដ៏កម្របំផុត នៅក្នុងចំណោមប្រជាជាតិនោះឡើយ»។
លោក ចន ម៉ាកេន បានថ្លែងឲ្យដឹងទៀតថា៖ «កូនប្រុសរបស់អ្នក (លោក ខាន់) គឺជាអ្វី ដែលសហរដ្ឋអាមេរិកមានដ៏សែនកម្រ ហើយការដឹងគុណ ពីការពលីជីវិតរបស់រូបគេ នឹងធ្វើឲ្យយើង (អាមេរិក) ក្លាយជាប្រជាជាតិមួយ ដ៏ខ្លាំងបំផុត។ កូនប្រុសរបស់អ្នក នឹងមិនត្រូវបានបំភ្លេចចោល ជាដាច់ខាត់។»
បន្ថែមពីលើនេះ អ្នកស្រី ការ៉ូលីន ម៉ាកេន (Caroline McCain) ដែល ចៅស្រីរបស់លោកព្រឹទ្ធសមាជិក ចន ម៉ាកេន និងជាសមាជិកមួយរូបទៀត របស់គណបក្សសាធារណរដ្ឋ បានប្រកាសជាសាធារណៈ ថាអ្នកស្រីនឹងបោះឆ្នោតឲ្យអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។ អ្នកស្រី ការ៉ូលីន ម៉ាកេន បានវាយតម្លែការលើកឡើង របស់លោក ដូណាល់ ម៉ាកេន ថាមិនអាច«អត់អោន»ឲ្យបាន និងបានហៅបេក្ខជនរូបនេះ ថាជា«ជនកំសាក»។
ព្យុះសង្គ្រាមពាក្យសំដី នៅមិនទាន់ចប់នៅឡើយ ខណៈក្រុមគ្រួសារយុទ្ធជនអាមេរិកពលី ទាំង១៧គ្រួសារ បានចេញសេចក្ដីប្រកាសរួមគ្នា បរិហារពីការលើកឡើង របស់លោក ដូណាល់ ត្រាំ ដោយចាត់ទុកការលើកឡើងនោះ «ជាការចាក់ទម្លុះបេះដូង និងជាការជេរប្រទេចផ្ដាសារ សម្រាប់ពួកយើងដោយផ្ទាល់»៕