នយោបាយជារឿងខ្មៅកខ្វក់ ដែលពលរដ្ឋមិនគួរបៀតឬ?
ពាក្យថា នយោបាយ គឺជាការងារខ្មៅកខ្វក់ ការងារស្មោកគ្រោគនោះ បានលេចលឺឡើងតាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែលឺនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឲ្យនិយមន័យនយោបាយក្នុងគោលដៅចំអក ឬស្អប់ ចំពោះពាក្យ នយោបាយថា គឺជានយោបោក នយោបាយគឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញដោយល្បិចកលខ្មៅងងឹត គ្រប់បែបយ៉ាង។
ពលរដ្ឋទាំងនោះ បានធ្វើការកំណត់ថា អ្នកដែលចូលខ្លួនប្រឡូក ក្នុងឆាកនយោបាយបាននោះ ទាមទារឲ្យមានសមត្ថភាព ខាងនិយាយកុហក បំផ្លើសបំផ្លៃការពិត បោកប្រាស់ ដោយមិនមែនជាមនុស្សល្អ ស្មោះត្រង់ សុចរិតនោះទេ។ ពួកគេបានយល់ឃើញថា សម្រាប់មនុស្សដែលល្អ ដែលត្រឹមត្រូវ ស្មោះត្រង់ មិនត្រូវប្រឡាក់ប្រឡូកក្នុងរឿងនយោបាយឡើយ ព្រោះបើពាក់ព័ន្ធនឹងរឿងនយោបាយនោះ គឺជាមនុស្សចោលម្សៀតទាំងស្រុង។
[...]