កូរ៉េខាងជើងបាញ់កាំជ្រួចរយៈខ្លីមួយទៀត រំលងលើសមុទ្រជប៉ុន
ប្រទេសកូរ៉េខាងជើង បានបាញ់សារជាថ្មី នូវកាំជ្រួចមួយគ្រាប់ទៀត កាលពីព្រឹកថ្ងៃអង្គារនេះ។ កាំជ្រួច ដែលទំនងជាប្រភេទកាំជ្រួចរយៈខ្លីនេះ បានផ្ទុះ នៅក្នុងលំហរសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ ឬហៅថា សមុទ្រជប៉ុន។ នេះបើតាមការអះអាង របស់កងទ័ពរបស់ប្រទេសកូរ៉េខាងត្បូង នៅរសៀលថ្ងៃអង្គារដដែល។ ការបង្ហាញសាច់ដុំម្ដងទៀតនេះ បានធ្វើឡើង នៅក្នុងពេលដែលភាពតានតឹង នៅក្នុងតំបន់ បានកើនឡើងដល់កំពូល។
អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «គ្រាប់បាញ់ផ្លោង ដែលជាកាំជ្រួចរយៈខ្លី ត្រូវបានបាញ់ចេញ នៅម៉ោង ៥និង៤០នាទី ព្រឹក នៅក្បែរក្រុង វុនសាន ភាគខាងកើត នៃទឹកដីកូរ៉េខាងជើង។ កាំជ្រួចត្រូវបានបាញ់ សម្រាប់ចំងាយ ២០០គីឡូម៉ែត្រ។ (...) យើងបានតាមដានស្ថានការណ៍ យ៉ាងដិតដល់ ហើយយើងបានត្រៀមខ្លួនគ្រប់ពេល ដើម្បីប្រឈមនឹងព្រឹត្តិការណ៍ ជាយថាហេតុណាមួយ។»
[...]