ឌុយតែតេ សារភាពថាបានសម្លាប់មនុស្ស ដើម្បី«ឲ្យគំរូ»
សេចក្ដីសារភាពមួយ ដែលបង្កឲ្យព្រឺដល់ឆ្អឹងខ្នង បានធ្លាយចេញពីមាត់ផ្ទាល់ របស់ប្រមុខរដ្ឋមួយរូប ដែលបានជាប់ឆ្នោត ក្លាយជាប្រធានាធិបតី កាលពីប៉ុន្មានខែមុន។ លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃកោះហ្វីលីពីន បានថ្លែងអះអាង កាលពីដើមសប្ដាហ៍នេះថា លោកបានសម្លាប់ ដោយផ្ទាល់ដៃលោក នូវមនុស្សជាច្រើននាក់ ដែលរងការសង្ស័យ ថាជាឧក្រិដ្ឋជន នៅក្នុងអំឡុងពេលលោក កាន់តំណែងជាអភិបាលក្រុង ដាវ៉ៃ (Davao ស្ថិតនៅភាគខាងត្បូង)។ ការកំទេចដោយផ្ទាល់ដៃលោកទាំងនោះ ត្រូវបានលោកបញ្ជាក់ទៀតថា គឺដើម្បីធ្វើជា«គំរូ» ដល់កងកម្លាំងនគរបាល។
នៅចំពោះអ្នកជំនួញ និងអ្នកមុខអ្នកការជាច្រើននាក់ លោក រ៉ូឌ្រីចូ ឌុយតែតេ អាយុ៧១ឆ្នាំ បានថ្លែងឡើងដូច្នេះ ដើម្បីធ្វើអត្ថាធិប្បាយ ទៅលើយុទ្ធនាការកណ្ដាប់ដៃដែក ប្រឆាំងបណ្ដាញជួញដូរគ្រឿងញៀន នៅលើផ្ទៃប្រទេស ដែលបានសម្លាប់មនុស្ស អស់ជាង៥០០០នាក់ តាំងពីថ្ងៃទី៣០ ខែមិថុនា [...]