ជនគម្រាមសម្លាប់ សុខ ទូច អាចគ្មានទោសបើតាម សុខ សំអឿន
យុវជនដែលគម្រាមសម្លាប់ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវ បញ្ហាព្រំដែន របស់រាជបណ្ឌិតសភា តាមបណ្ដាញសង្គមនោះ អាច«មានទោស ឬគ្មានទោស» នៅក្នុងលក្ខខណ្ឌ ដែលអាជ្ញាធរ ត្រូវរកឲ្យឃើញ នូវ«ចេតនាពិត»ប្រាកដមួយ, រកឲ្យឃើញ នូវ«សម្ភារៈ នៃគម្រោង»ការ របស់ខ្លួន និងព្យសនកម្ម (ការខូចខាត) មួយ បានកើតឡើងហើយ។ នេះជាការថ្លែងពន្យល់ តាមផ្លូវច្បាប់ របស់លោកមេធាវី សុខ សំអឿន ដែលជាអ្នកជំនាញខាងច្បាប់ ដ៏ល្បីឈ្មោះ នៅកម្ពុជា។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សុខ សំអឿន ដែលជាអតីត នាយកប្រតិបត្តិ នៃអង្គការ មិនមែនរដ្ឋាភិបាលមួយនោះ បានទទួលស្គាល់ថា ការគម្រាមសម្លាប់ជនណាម្នាក់ ដោយបុគ្គលមួយផ្សេងទៀត ទោះតាមរូបភាពណាក៏ដោយ តាមច្បាប់ខ្មែរត្រូវតែមានទោស។ លោកបានថ្លែងថា ដូចករណីការគម្រាមសម្លាប់ តាមរយៈហ្វេសប៊ូកជាដើម ត្រូវតែមានទោស គ្រាន់តែទោស ដែលត្រូវទទួលនោះ មានកម្រិតស្រាល ហើយប្រឈម [...]