ជាម យៀប៖ កម្ពុជាជំពាក់គុណវៀតណាម តែមិនឲ្យបាត់ដីទៅវៀតណាម
អធិបតេយ្យជាតិ - «វៀតណាមជួយយើងពិត យើងដឹងគុណ ទូលលើក្បាល។ ប៉ុន្តែមិនអាចដឹងគុណឲ្យដីទៅគេប៉ិនគ្រាប់ខ្សាច់ ឬមួយមីលីម៉ែតបានទេ អាហ្នឹងខ្ញុំសូមជម្រាប។ អាហ្នឹង ខ្ញុំសូមជម្រាបថាលោក សម រង្ស៊ី កុហកទាំងស្រុង»។ នេះជាការបញ្ជាក់របស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤។
នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤ ជាថ្ងៃដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងនៅចំពោះមុខអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ នៅខេត្តក្រចេះ ថា៖ «បើឲ្យមេដឹកនាំបច្ចុប្បន្នធ្វើដូចសព្វថ្ងៃ បួនដប់ឆ្នាំទៀតប្រទេសនឹងរលាយ។ ព្រំដែនកម្ពុជា នៅស្រុកស្នួល យួនចូលដប់គីឡូ បងប្អូន គេមកបោះបង្គោលព្រំដែនលើដីខ្មែរ យកដែនសមុទ្រ និងកោះខ្មែរ។ [...]