ផែនទីទឹកដីថ្មីរបស់ ISIS ក្នុងគម្រោងវាយកាន់កាប់ពិភពលោក
អ្នកសារព័ត៌មានប្រចាំឲ្យបណ្ដាញវិទ្យុ និងទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) និងជាអ្នកជំនាញ ខាងការស្រាវជ្រាវបញ្ហានានា ទាក់ទងអង្គការរដ្ឋអ៊ីស្លាម លោក អេនដ្រូវ ហូស្កេន (Andrew Hosken) បានសរសេរនៅក្នុងសៀវភៅរបស់លោក ពីគម្រោងដ៏សម្បើម នឹកស្មានមិនដល់មួយ របស់ក្រុមអង្គការភេរវកម្មនេះ ដែលមានឈ្មោះ ហៅកាត់តាមអង់គ្លេស ISIS និងហៅកាត់តាមបារាំង EI។ សៀវភៅនោះមានចំណងជើង ជាភាសាអង់គ្លេស «Empire of Fear: Inside the Islamic State» និងជាភាសាបារាំង «Empire de la peur: à l'intérieur de l'Etat islamique» ដែលយើងអាចបកប្រែ ជាខេមរភាសាមកថា «ចក្រភពនៃភាពភ័យខ្លាច៖ រឿងរ៉ាវផ្ទៃក្នុង នៃរដ្ឋអ៊ីស្លាម»។
សៀវភៅ ដែលត្រូវបានបោះពុម្ភចេញផ្សាយ នៅចុងខែកក្កដាកន្លងទៅនេះ បានសង្កត់យ៉ាងសំខាន់ ទៅលើគម្រោងវិវត្តន៍ខ្លួន របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ដែលត្រូវបានបង្កើតដំបូងឡើយ នៅឆ្នាំ១៩៩៦ ដោយមេគំនិត (ប្រហាក់ប្រហែល នឹងស្ថាបនិកដែរ [...]