ម៉ែន សំអន៖ «វៀតណាមជាមហាមិត្ត ដែលបានជួយកសាងសន្តិភាពឲ្យកម្ពុជា»
«ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី» រវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-វៀតណាម មានរយៈពេលកន្លះសតវត្សន៍ហើយ។ ប្រសិនជាកម្ពុជាមានសន្តិភាព បានមកដល់សព្វថ្ងៃ នោះគឺដោយសារបាន«មហាមិត្ត»វៀតណាម ជាអ្នករួមចំណែក ជួយកសាងដ៏«ស្មោះស្ម័គ្រ»បំផុត។ នេះ បើតាមប្រសាសន៍ របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ដល់កិច្ចសម្ភាសន៍ ទៅឲ្យទីភ្នាក់ងារព័ត៌មានវៀតណាម ហៅកាត់ថា «VNA» ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងទាក់ទងការទូត រវាងប្រទេសទាំងពីរ។
អតីតសមមិត្តនារី ម៉ែន សំអន បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានកសាងរួមគ្នា នូវ«ប្រពៃណី» នៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជា«បងប្អូន រួមអាវុធ និងអ្នកជិតខាង» ហើយទទួលបាននូវលទ្ធផល «គួរជាទីគាប់ចិត្ត» សឹងតែនៅក្នុង«គ្រប់វិស័យ»។
បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ហើយក៏ជាប្រធានក្រុមតំណាងរាស្ត្រ [...]