អាមេរិកបង្ហោះយន្ដហោះទម្លាក់គ្រាប់បែកនៅកូរ៉េ បង្ហាញឥទ្ធិពល
យន្ដហោះទម្លាក់គ្រាប់បែក សម្រាប់រយៈឆ្ងាយធុន «B52 Stratofortress» របស់សហរដ្ឋអាមេរិក បានធ្វើការហោះឆ្វែល នៅថ្ងៃអាទិត្យនេះ ពីលើប្រទេសកូរ៉េខាងត្បូង។ ជាការបង្ហាញកម្លាំងដ៏តូចមួយ ពីសំណាក់កងទ័ពអាមេរិក នៅបួនថ្ងៃក្រោយពីការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ «H (ដែលជាអក្សរកាត់ ពីពាក្យ Hydrogène)» ប្រកបដោយមន្ទិលមួយ របស់រដ្ឋាភិបាលកុម្មុយនីស នៃប្រទេសកូរ៉េខាងជើង។
យន្ដហោះប្រដេញ ដែលមានសមត្ថភាពទម្លាក់គ្រាប់បែក ក្នុងចម្ងាយឆ្ងាយខាងលើនេះ ក៏អាចមានសមត្ថភាព ក្នុងការផ្ទុកអាវុធនុយក្លេងអ៊ែរ បានដែរ។ កងទព័រអាមេរិក បានពន្យល់ថា យន្ដហោះបានហោះ ក្នុងរយៈពេលខ្លីមួយ ពីលើមូលដ្ឋានកងទ័ពអាកាស «Osan» ដែលមានចំងាយប្រមាណជា ៧០គីឡូម៉ែត្រ ពីភាគខាងត្បូង នៃព្រំដែនរបស់ប្រទេសកូរ៉េទាំងពីរ មុននឹងត្រឡប់មកចុះចត នៅលើមូលដ្ឋានយោធាដដែល។