បក្សសង្គ្រោះជាតិ គ្រោងកែច្បាប់កំណត់ប្រាក់ឈ្នួលអប្បបរិមា ១៥០ដុល្លារ
ស្របពេលដែលបញ្ហាប្រាក់ឈ្នួល១៧៧ដុល្លានេះ កំពុងក្លាយជាប្រធានបទថ្មី សម្រាប់ក្រុមកម្មកនិយោជិត និងនិយោជក រួមទាំងភាគីរដ្ឋាភិបាលកំពុងប្រឈមមុខយក្យដាក់គ្នានោះ មន្រ្តីនៃគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសជាផ្លូវការថា ក្រុមខ្លួននឹងធ្វើវិសោធនកម្មច្បាប់ការងារ កំណត់ប្រាក់បៀវត្សន៍អប្បបរិមាតិចបំផុត ត្រឹម១៥០ដុល្លារ សម្រាប់កម្មករ និយោជិកក្នុងវិស័យកាត់ដេរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ នៅចំពោះអ្នកសារព័ត៌មាន បានធ្វើការកត់សម្គាល់ថា បើធៀបទៅនឹងប្រទេសជិតខាងប្រាក់ខែកម្មករនៅកម្ពុជា ពិតជាមានកម្រិតទាបជាង ព្រោះតែបញ្ហាពុករលួយ បក្សពួកនិយម និងភាពទន់ខ្សោយនៃប្រព័ន្ធតុលាការ លើបុគ្គលមានអំណាចមួយចំនួន។
លោក សុវណ្ណ បានបន្តដូច្នេះថា៖ «គណបក្សសង្គ្រោះជាតិ នឹងធ្វើការតស៊ូមតិបន្តទៀត គឺពិនិត្យ ពិចារណា ទៅលើការធ្វើ វិសោធនកម្មច្បាប់ការងារ ដែលកំណត់ប្រាក់បៀវត្សរ៍អប្បបរិមាយ៉ាងតិច ១៥០ដុល្លារ។ [...]