ហ៊ុន សែន ថាទ្រង់ រណឫទ្ធិ សុំខ្ចីលុយជាង១លានដុល្លារពីលោក
ការសន្យារបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលថា នឹងដោះស្រាយបំណុល ជូនប្រជាពលរដ្ឋ ប្រសិនណាជាគណបក្សហ្វុនស៊ីនប៉ិច របស់ទ្រង់ឈ្នះឆ្នោតនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជាការឃោសនាបោកប្រាស់។ បន្ថែមពីការលើកឡើងខ្លាំងៗនេះ លោក ហ៊ុន សែន នៅបានវាយបកទៅវិញ ដោយគម្រាមយកលិខិតខ្ចីប្រាក់ របស់ព្រះអង្គម្ចាស់ យកមកបង្ហោះជាសាធារណៈ នៅលើបណ្ដាញសង្គម និងថាទឹកប្រាក់កម្ចីនោះ មានចំនួន ១លាន ៣សែន ៥ម៉ឺនដុល្លារអាមេរិក។
បើទោះជាលោកនាយករដ្ឋមន្ត្រី មិនបានបញ្ចេញឈ្មោះ ថាអ្នកសុំខ្ចីប្រាក់នោះ ជាព្រះរាជបុត្រច្បង របស់អតីតព្រះមហាក្សត្រក៏ដោយ ក៏ការលើកឡើងរបស់លោក ត្រូវបានគេដឹងថា គឺសំដៅទៅព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ តែមួយអង្គគត់។ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលមានបន្ទូល កាលពីថ្ងៃអាទិត្យ ទី២៧ ខែឧសភា ចុងសប្ដាហ៍មុន នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋ នៅខេត្តតាកែវថា នៅពេលគណបក្សហ្វ៊ុនស៊ីនប៉ិចរបស់ទ្រង់ឈ្នះឆ្នោត [...]