អ្នករាយការណ៍ អ.ស.ប ថា CNRP ត្រូវបន្តវត្តមាន ដើម្បីពលរដ្ឋមានជម្រើស
សិទ្ធិស៊ីវិល និងនយោបាយ នៅក្នុងប្រទេសកម្ពុជា កំពុងធ្លាក់ចុះដុនដាប យ៉ាងឆាប់រហ័ស បណ្ដាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង នៅចំពោះការបោះឆ្នោតជាតិ នាពេលខាងមុខ ក៏ដូចជាចំពោះអនាគត នៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដែលចេញផ្សាយ ក្នុងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស។
សេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស ដែលមានលក្ខណៈម៉ឺងម៉ាត់ ជាងពេលណាទាំងអស់ បានធ្វើឡើងនៅក្រោយការដាក់បណ្ដឹង ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅកាន់តុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ [...]