ចាប់ពីឆ្នាំ២០២៦ ប្រទេសចូលរួមដណ្ដើមពានបាល់ទាត់ពិភពលោក នឹងកើនដល់ចំនួន៤៨
ជាការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ ដែលអនុញ្ញាតឲ្យមានប្រទេស មកចូលរួមក្នុងព្រឹត្តិការណ៍៤ឆ្នាំម្ដង នៃការប្រកួតបាល់ទាត់ពិភពលោក មានចំនួនច្រើន និងមានក្ដីសង្ឃឹមច្រើនជាងមុន។ ក្រុមប្រឹក្សាភិបាល នៃសមាគមបាល់ទាត់ពិភពលោក (ហៅកាត់ថា FIFA) ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ ដ៏ធំជាងបង្អស់នៅលើផែនដី ទើបនឹងបោះឆ្នោតជាឯកច្ឆ័ន្ទ សម្រេចយកការកំណត់ថ្មីនេះ កាលពីព្រឹកថ្ងៃទី១០ ខែមករានេះ នៅក្នុងក្រុង ហ្សីរីស (Zurich) ប្រទេសស្វីស ដោយបន្ថែមចំនួនក្រុមបាល់ទាត់ជម្រើសជាតិ ពីចំនួន៣២ សព្វថ្ងៃ ឲ្យឡើងដល់ចំនួន៤៨ក្រុម ចាប់ពីឆ្នាំ២០២៦ខាងមុខ។ ក្រុមទាំង៤៧នេះ នឹងមកជួបទាត់ នៅក្នុងវគ្គជម្រុះដំបូង ដោយបែងចែក ជា១៦ពូល (Poule) ក្នុងមួយពូល មាន៣ក្រុម។
ការតម្លើងចំនួនក្រុមជម្រើសជាតិ នៅក្នុងជំនួបដ៏ធំ បួនឆ្នាំម្ដងនេះ ត្រូវបានធ្វើឡើង ក្រោមមូលហេតុ នៃការរីកចម្រើនទៅមុខ នៃកីឡាបាល់ទាត់ និងការវិវត្តន៍ នៃសង្គមមនុស្ស [...]