រឿងរ៉ាវកាណូតខ្មោចជាច្រើន កំពុងលងប្រទេសជប៉ុន
តាំងពីខែតុលាមកម្លេះ ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បានប្រទះយ៉ាងហោចកាណូតចំនួន១៤ នៅក្នុងសមុទ្រជប៉ុន (ឬសមុទ្រខាងកើត បើតាមការហៅរបស់ជនជាតិកូរ៉េ) ជាមួយនឹងសាកសពជាង២០នាក់ នៅក្នុងសភាពសល់តែគ្រោងឆ្អឹង។ អ្នកទទួលខុសត្រូវឆ្មាំសមុទ្រម្នាក់ លោក «Shuichi Hashizume» បាននិយាយថា៖ «អ្នកជ្រមុជទឹករបស់យើង បានរកឃើញសាកសព៣ កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងទៅ ក្នុងនោះសាកសពពីរ គ្មានក្បាលនោះទេ។ នៅពេលយើងស្រង់ កាណូតនោះឡើងមក យើងរកឃើញឆ្អឹងខ្មោច ចំនួន៦ទៀត នៅក្នុងនោះ។»
អ្វីដែលគេដឹងនៅពេលនោះ គឺកាណូតមួយចំនួន មានដាក់សញ្ញា តាមបែបជនជាតិកូរ៉េ ដែលធ្វើឲ្យគេគិតថា មកពីប្រទេសកូរ៉េខាងជើង តែគេនៅមិនទាន់ហ៊ានអះអាង ថាពិតនៅឡើយ។ រហូតលុះត្រាមកដល់ថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន ទើបការអះអាង ពីប្រភពដើមរបស់កាណូត មានភាពច្បាស់លាស់ ដោយសារអាជ្ញាធរបានស្រង់កាណូតមួយទៀត នៅមិនឆ្ងាយប៉ុន្មាន ពីកោះ សាដូ (Sado)។ [...]