ឈាង វុន ថាធ្វើសង្ឃ កុំ«មុសារ» រឿងបង្ខំលោកឲ្យស្រាត និងជំរុញឲ្យផឹកស្រាក្នុងវត្ត
បន្ទាប់ពីរងការចោទប្រកាន់ ពីបណ្ដាញព្រះសង្ឃឯករាជ្យ ដែលដឹកនាំដោយព្រះសង្ឃ ប៊ុត ប៊ុនតិញ ថាបានប្រមាថមាក់ងាយព្រះសង្ឃ ឲ្យដោះស្បថជីវរចេញ និងផ្តល់ថវិការឲ្យអ្នកប្រណាំងទូក យកមកទិញស្រាផឹកក្នុងវត្តអារាមនោះ លោក ឈាង វុន តំណាងរាស្រ្តខេត្តបាត់ដំបង (មកពីគណបក្សប្រជាជនកម្ពុជា) និងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានប្រតិកម្មតបវិញថា ការលើកឡើងរបស់ក្រុមព្រះសង្ឃ និងព្រះសង្ឃដែលនៅក្នុងហេតុការណ៍នោះ ជាការលើកឡើងបែប«មុសារ»។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រត្តិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានធ្វើការបកស្រាយ ចំពោះការចោទប្រកាន់នេះថា លោកមិនបានអនុញ្ញាតិ ឬបញ្ជាឲ្យមានមនុស្សផឹកស្រាក្នុងវត្តនោះឡើយ។ [...]