អេង ឆៃអៀង ថាត្រូវអនុវត្តច្បាប់ នាំជនអន្តោប្រវេសន៍«ខុសច្បាប់»ចេញពីកម្ពុជា
រដ្ឋាភិបាលកម្ពុជា បើជ្រុលជាបានគិតគូដល់បញ្ហា នៃការដាក់ឲ្យមានការអនុវត្តឡើងវិញ នូវច្បាប់អន្តោប្រវេសន៍ ដែលខកខានអនុវត្ត ជាច្រើនឆ្នាំមកហើយនោះ ត្រូវធ្វើការគិតគូឡើងវិញទាំងអស់ នៃជនអន្តោប្រវេសន៍ទាំងឡាយ ដែលរស់នៅដោយ«ខុសច្បាប់»នៅកម្ពុជា។ នេះជាការថ្លែងអះអាង របស់អគ្គលេខាធិការ គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដោយបានភ្ជាប់ករណី នៃការរនុវត្តច្បាប់អន្តោប្រវេសន៍ របស់រដ្ឋាភិបាលទៅលើ សកម្មជនបរិស្ថានជាតិអេស្បាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដោយបានបណ្តេញជនបរទេសម្នាក់នេះ ចេញពីកម្ពុជា ព្រោះតែ ក្រោមហេតុផលទិដ្ឋាការផុតសុពលភាព និងមិនត្រូវបានបន្តសុពលភាពនេះ ដោយអាជ្ញាធរកម្ពុជា។
អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ បានអះអាងថា នេះ មិនមែនជារឿង របស់គណបក្សនយោបាយណាមួយឡើយ តែជារឿងរបស់ប្រទេសជាតិខ្មែរទាំងមូល។ [...]