មូលប្បទានប័ត្រ២២២លានអ៊ឺរ៉ូ ក្នុងការផ្ទេរកីឡាករ ណីម៉ា
មូលប្បទានប័ត្រក្នុងទំហំទឹកប្រាក់ ដ៏មហាសាល «២២២លានអ៊ឺរ៉ូ» ត្រូវបានកីឡាករអន្តរជាតិ ណីម៉ា (Neymar) មកពីប្រទេសប្រេស៊ីល អមដំណើរដោយមេធាវីរបស់កីឡាករ ប្រគល់ដោយផ្ទាល់ដៃ ទៅឲ្យប្រធានក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ដើម្បីជាសំណងរំលោះកិច្ចសន្យារបស់ខ្លួន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ និងបន្តជាថ្មី នៅឆ្នាំ២០១៦។
ឯកត្តកម្មមិនដែលធ្លាប់មាន
ទឹកប្រាក់ដ៏សម្បើមនេះ ជាថវិការបស់ក្រុមបាល់ទាត់ ប៉ារីស សាំងហ្សែរម៉ាំង (Paris Saint germain - ប្រទេសបារាំង) ដែលចំណាយក្នុងនាមកីឡាករ ណីម៉ា ដើម្បីផ្ទេរយកកីឡាករលំដាប់ពិភពលោករូបនេះ មកទាត់នៅក្នុងក្រុមរបស់ខ្លួន សម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំ ដែលបានចុះហត្ថលេខា កាលពីយប់ថ្ងៃព្រហស្បត្តិ ម្សិលម្ង៉ៃ។ ទឹកប្រាក់ ២២២លានអ៊ឺរ៉ូនេះ ជាទំហំទឹកប្រាក់មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការផ្ទេរកីឡាករបាល់ទាត់ [...]