បទរាយការណ៍៖ ចោទម្ចាស់ដីជាង៣០ឆ្នាំ ថារស់លើដី«រដ្ឋ» ឬដី«បក្ស»
ពលរដ្ឋនៅបឹងកក់ លោក លី ស្រ៊ាងខេង ត្រូវបានអាជ្ញាធរមូលដ្ឋាន បង្ខំឲ្យចុះចេញពីលំនៅដ្ឋានរបស់ខ្លួន ខណៈដែលលោកបានរស់នៅអស់រយៈពេល ជាងសាមសិបឆ្នាំមកហើយនោះ។ រស់នៅជាមួយប្រពន្ធ និងកូនប្រុសស្រីពីរនាក់ និងក្នុងនាមលោកជាមេគ្រួសារ លោកបានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដីនេះលោកបានមករស់នៅតាំងពីឆ្នាំ១៩៧៩។ បន្ទាប់ពីសង្កាត់បានមកធ្វើជំរឿនស្ថិតិក្នុងឆ្នាំ១៩៨២ លោកបានក្លាយជាពលរដ្ឋស្របច្បាប់ នៅក្នុងទឹកដីសង្កាត់បឹងកក់មួយ ខណ្ឌទួលគោក ចាប់តាំងពីឆ្នាំ១៩៨៣រហូតមក។
«ស៊ូស្លាប់នៅលើទឹកដីរបស់ខ្ញុំ» ត្រូវបានម្ចាស់ផ្ទះសរសេរ នៅលើជញ្ជាំងផ្ទះខ្លួន។ (រូបថត MONOROOM.info/ S.Tith)