ខឹម វាសនា ថាមិនដែលឃើញមុខ ពេជ្រ ស្រស់ ខាងក្រៅទេ
ព័ត៌មាន ដែលលើកឡើងពីការចែកប្រាក់គ្នា ពាក់ព័ន្ធនឹងការដាក់បណ្ដឹង ឲ្យរំលាយគណបក្សប្រឆាំងធំជាងគេនេះ ត្រូវបានលោក ឆាំ ឆានី អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីម្នាក់ មាននិន្នាការស្និតនឹងគណបក្សសង្គ្រោះជាតិ សរសេរឲ្យដឹងម្ដងជាពីរដង នៅលើគណនីហ្វេសប៊ុករបស់លោក។ លើកចុងក្រោយ ជាសំណេររបស់លោក កាលពីម្សិលម៉ិញ ដែលបញ្ជាក់បន្ថែមថា ប្រាក់ចំណែករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលលោកអះអាងពីពេលមុន ថាទទួល២០ម៉ឺនដុល្លារនោះ ត្រូវបានលោក ពេជ្រ ស្រស់ ទទួលបានតែ១ម៉ឺនប៉ុណ្ណោះ ខណៈ១៩ម៉ឺនដុល្លារទៀត បានធ្លាក់ទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯងថា «បក្សជួង»។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ គណបក្សនយោបាយចំនួនពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា បានដាក់បណ្ដឹងពីរផ្សេងគ្នា ឡើងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។
[...]