ប្រ៊ែដ អាដាម៖ សំដីព្រមានត្រៀមធ្វើសង្គ្រាម ជាភាពល្ងង់ខ្លៅ
ការថ្លែងព្រមានម្ដងហើយម្ដងទៀត ពីការផ្ទុះសង្គ្រាម និងបំណងសុទ្ធចិត្តឲ្យផ្ទុះសង្គ្រាម «ក៏ផ្ទុះទៅចុះ» របស់លោក ហ៊ុន សែន បានបង្កឲ្យមានប្រតិកម្មខ្លាំងៗ ពីសំណាក់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដោយបានហៅការលើកឡើងនេះ ថាជាទង្វើរបស់មនុស្សល្ងង់ខ្លៅ និងកំសាក។
កាលពីព្រឹកថ្ងៃទី១០ ខែឧសភា កន្លងមកនេះ លោក ហ៊ុន សែន បានព្រមានថា លោកសុខចិត្តឲ្យ«ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែលោកនឹងមិនសុខចិត្ត ឲ្យចលនាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង ប្រព្រឹត្តិនូវអំពើខុសច្បាប់ ដូចជាការ«ដុតឡាន» ឬការរារាំង«ពលរដ្ឋ មិនឲ្យបោះឆ្នោត» នោះឡើយ។
នាយករដ្ឋមន្ត្រី ដែលមិនរង្គើចេញពីតំណែង តាំងពីជាង៣០ឆ្នាំមកនេះ បានព្រមានថា៖ «សូមកុំភ្លេច ថ្ងៃ២៨ ខែកក្កដា [ឆ្នាំ២០១៣] មិនទាន់ទាំងដឹងលទ្ធផលផ្លូវការផង ឆេះឡានអស់ប៉ុន្មាន [...]