អៀង ធីរិទ្ធ អតីតស្ត្រីទីមួយ នៃរបបខ្មែរក្រហម បានស្លាប់ហើយ
អតីត«ស្ត្រីទីមួយ» នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម អ្នកស្រី អៀង ធីរិទ្ធិ បានស្លាប់នៅថ្ងៃសៅរ៍ទី ២២ ខែសីហានេះ។ នេះបើតាមការប្រកាសឲ្យដឹង របស់សាលាក្ដីវិសមញ្ញ ដែលបង្កើតឡើង រវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។ សាលាក្ដីបានឲ្យដឹងថា៖ «ជនជាប់ចោទ បានស្លាប់នៅវេលាម៉ោងប្រមាណជា ១០និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០១៥ នៅខេត្តប៉ៃលិន ប្រទេសកម្ពុជា»។ នៅមុនមរណភាពនេះ ព័ត៌មានបានឲ្យដឹងថា អ្នកស្រី ធីរិទ្ធិ ត្រូវបានបញ្ជូនទៅព្យបាល នៅប្រទេសថៃ អស់រយៈពេលជាច្រើនខែ។
អតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរបបខ្មែរក្រហម និងជាប្អូនថ្លៃរបស់ប៉ុលពត (ឬសាឡុតស) អ្នកស្រី ធីរិទ្ធិ ដែលមានឈ្មោះដើម ខៀវ ធីរិទ្ធិ ត្រូវបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ បង្កឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម [...]