ក្រុមប្រឆាំង នៅពីក្រោយការប្លន់គេហទំព័ររបស់ ហ៊ុន សែន?
គេហទំព័រផ្លូវការ និងផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានអាស័យដ្ឋាន samdechhunsen.gov.kh ត្រូវបានក្រុមវាយប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យា ឫហៅតាមភាសាអង់គ្លេស «Hackers» ផ្លាស់ប្ដូរទិន្នន័យ កាលពីព្រឹកម៉ោង៤ និង១២នាទី ថ្ងៃទី៧ ខែឧសភានេះ ដោយបានប្ដូរទម្រង់ដើម មានទាំងរូបភាព និងសម្លេង។ ក្នុងពេលបច្ចុប្បន្ន គេហទំព័រផ្លូវការនេះ បានវិលមករកដំណើរការដូចធម្មតាឡើងវិញហើយ ប៉ុន្តែទិន្នន័យមួយចំនួនធំ នៅក្នុងគេហទំព័រត្រូវបាត់បង់។
តាមសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន បានសរសេរទម្លាក់កំហុស នៃការវាយប្រហារ ទៅលើគេហទំព័រនេះ ថាជាស្នាដៃរបស់ក្រុមប្រឆាំង និងបានអះអាងថា ក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (IT Crimes) [...]