ដើម្បីជួយឲ្យ«សកម្មភាពរបស់អ្នក»ក្នុងថ្ងៃនេះ ទទួលបានជោគជ័យ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកមានបានគិតថា ថ្ងៃនេះអ្នកនឹងធ្វើអ្វីខ្លះទេ? ហើយបន្ទាប់មក អ្នកចេះតែមានអារម្មណ៍ខ្លាច ថាអ្វីដែលអ្នកចង់ធ្វើ នឹងមិនមានភាពជោគជ័យ។ សូមកុំខ្លាចតទៅទៀត ព្រោះថាអ្វីៗ វាស្ថិតនៅលើអ្នក ជាអ្នករៀបចំជីវិតរបស់អ្នក បើសូម្បីតែមួយថ្ងៃនេះក៏ដោយ។
ខ្ញុំសប្បាយ អ្នកសប្បាយ យើងទាំងអស់គ្នាក៏សប្បាយ។
អារម្មណ៏មួយ ដែលធ្វើឲ្យមនុស្សម្នាក់មានភាពស្កប់ ឬពេញចិត្តក្នុងជីវិតនោះ គឺបានមកពីសមត្ថផល ដែលគេបានបំពេញក្នុងពេល១ថ្ងៃ។ ដើម្បីឲ្យកិច្ចការទាំងនោះ ទទួលបានជោគជ័យ អ្នកចាំបាច់ត្រូវតែមានវីធីសាស្រ្ត ក្នុងការអនុវត្តន៏វាឲ្យល្អ។
១. ភ្ញាក់ពីគេង ជាមួយនឹងអាកប្បកិរិយាវិជ្ជមាន៖
អ្នកត្រូវតែផ្តល់ហេតុផល ដល់ខ្លួនអ្នកថា ហេតុធ្វីបានជាថ្ងៃនេះជាថ្ងៃអស្ចារ្យ។ ប្រហែលជាអ្នកត្រូវទៅ ទស្សនាសារមន្ទីរជាមួយសាលា ជួបជុំជាមួយមិត្តភក្តិចាស់ៗ ឬក៏ទៅញ៉ាំអាហារថ្ងៃត្រង់ក្នុងភោជនីយដ្ឋាន ដែលអ្នកពេញចិត្តមួយ។ មិនថាហេតុផលរបស់អ្នកជាអ្វីទេ ប៉ុន្តែវាអាចឲ្យ អ្នកមានការប្រមើលមើលមួយដ៏ល្អក្នុងជីវិត ហើយអាចជួយអ្នក ឲ្យសម្រេចកិច្ចការបានល្អ។
២. ទទួលទានអាហារទាំងឡាយណា ដែលជំនួយដល់សុខភាព៖
ក្នុងរយះពេលមួយថ្ងៃ អ្នកត្រូវទទួលទានអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារទាំងអស់ដែលអ្នកទទួលទាន នឹងមានឥទ្ធិពលដល់រាង្គកាយអ្នក និងស្មារតីរបស់អ្នក។ ដូច្នេះអ្នកត្រូវប្រាកដថា អាហារទាំងនោះ ពិតជាមានប្រយោជន៏សំរាប់សុខភាពអ្នក។
៣. កត់ត្រាពីគោលបំណង ដែលអ្នកត្រូវធ្វើក្នុងពេលមួយថ្ងៃ ឬមួយសប្តាហ៏៖
ចាប់ផ្តើមសរសេរពីអ្វី ដែលអ្នកត្រូវធ្វើមុនគេ និងជាបន្តបន្ទាប់ទៀត។ ធ្វើវាឲ្យបានសម្រេចទៅ តាមអ្វីដែលអ្នកបានកត់ត្រា ដើម្បីកាត់បន្ថយការតានតឹង ក្នុងអារម្មណ៏របស់អ្នក។
៤. ធ្វើអំពើល្អទៅលើអ្នកដទៃ៖
ទោះបីជាការងារតូចតាច ក៏អាចឲ្យអ្នករីករាយ និងអ្នកដទៃរីករាយជាមួយដែរ។ ក្នុងរឿងនេះ អ្នកអាចជួយ អ្នកដែលមិនដែលធ្លាប់ស្គាល់។ ឧទាហរណ៏៖ បើឃើញមនុស្សចាស់គាត់យួររបស់របរច្រើន ហើយធ្ងន់នោះ អ្នកគួរតែជួយយួរគាត់។ វាធ្វើឲ្យអ្នករីករាយ ហើយគាត់ក៏សប្បាយចិត្តដែរ។
៥. ហាត់ប្រាណ៖
អ្នកអាចហាត់ប្រាណតាមទំរង់ផ្សេងៗ ដែលអ្នកពេញចិត្ត។ បើអ្នករវល់គ្មានពេលទេ អ្នកអាចឆ្លៀតឳកាសណាមួយតិចតួច ឬពេលវេលាខ្លីណាមួយដើម្បីអនុវត្តន៏។ កុំទម្លាប់មិនហាត់ប្រាណ វានឹងនាំឲ្យអ្នកមានភាពខ្ជិលច្រអូស។
៦. ធ្វើកិច្ចការផ្ទះ៖
ធ្វើកិច្ចការដូចជា រៀបចំបន្ទប់គេងឲ្យស្អាត បោកខោអាវ អ៊ុតសំលៀកបំពាក់ ឬជូតឥដ្ឋ។ ធ្វើការងារតូចតាចទាំងនេះ វាធ្វើឲ្យអ្នកមានអារម្មណ៏ថា សម្រេចបានការងារជាច្រើន ដោយចំណាយការហត់នឿយ តែបន្តិចបន្តួចប៉ុណ្ណោះ។
៧. រៀបចំអនាគតរបស់អ្នក៖
ត្រូវចាប់អារម្មណ៏ពី ជីវិតនៅថ្ងៃមុខ តើអ្វីដែលធ្វើឲ្យអ្នកពេញចិត្ត និងប្រាថ្នាចង់បាន។ អ្នកត្រូវ រៀបចំដំណើរជីវិតរបស់អ្នក ជាជំហ៊ានៗ ដោយការកត់ត្រាទុក និងអនុវត្តន៏តាមឲ្យបានល្អ នោះវានឹងជួយឲ្យមានអារម្មណ៏ប្រសើរ ជាពិសេសវាធ្វើឲ្យ អ្នកមានទឹកចិត្ត និងឆន្ទះក្នុងការបំពេញកិច្ចការផ្សេងៗ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ