ថៃ​ហាម​អង្គការ​លើក​លែង​ទោស​អន្តរជាតិ មិន​ឲ្យ​និយាយ​ពី​ការ​ធ្វើ​ទារុណកម្ម

សន្និសីទសារព័ត៌មាន និងកិច្ចពិភាក្សា របស់អង្គការអន្តរជាតិដ៏ធំមួយ ឈ្មោះ «Amnesty International» ស្ដី​ពី​ការ​ប្រើ​ប្រាស់​កម្លាំង ដើម្បី​ធ្វើ​ទារុណកម្ម នៅក្នុងប្រទេសថៃ ត្រូវបានហាមឃាត់ ដោយអាជ្ញាធរក្រុងបាងកក កាល​ពី​ព្រឹក​ថ្ងៃទី២៨ ខែ​កញ្ញា​នេះ។
ថៃ​ហាម​អង្គការ​លើក​លែង​ទោស​អន្តរជាតិ មិន​ឲ្យ​និយាយ​ពី​ការ​ធ្វើ​ទារុណកម្ម
ទាហានថៃ ក្នុងយុទ្ធនាការបង្ក្រាបចលនា នៃការជួបជុំ របស់ពលរដ្ឋថៃ។ (រូបថត AP)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 28, 2016
  • ប្រធានបទ: នយោបាយ-ថៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងពីររូប របស់អង្គការ«លើកលែងទោសអន្តរជាតិ» ហៅជាភាសាអង់គ្លេស «Amnesty International» មានបំណងចង់ផ្សព្វផ្សាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ នូវ​របាយ​ការណ៍​ដ៏​ប្រទាំង​ប្រទើស ដែលអង្គការនេះ បានរកឃើញការធ្វើទារុណកម្ម ចំនួន៧៤ករណី ពី​សំណាក់​នគរបាល និង​យោធា​ថៃ។ ប៉ុន្តែមន្ត្រី របស់អង្គការអន្តរជាតិខាងលើ ត្រូវបានកងកម្លាំងអាជ្ញាធរថៃ ធ្វើការ​ហាម​ឃាត់ មិន​ឲ្យ​ធ្វើ​សន្និសីទ​​សារព័ត៌មាន​​នោះ​ទេ។។

អ្នកនាំពាក្យ របស់អង្គការលើកលែងទោសអន្តរជាតិ លោក «Omar Waraich» ដែលបានធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​ករណីនេះ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «អាជ្ញាធរថៃ បានព្រមាន​ពួក​យើង​ជាមុនថា ប្រសិនជាតំណាងរបស់យើង និយាយតាមរយៈសន្និសីទសារព័ត៌មាននោះ បានន័យថា យើង​រំលោភ ទៅលើច្បាប់ការងារថៃ»។

ចំពោះអាជ្ញាធរថៃវិញ មិនមានតំណាងម្នាក់ ចេញមុខមកធ្វើអត្ថាធិប្បាយ ទៅលើការហាមឃាត់ខាងលើទេ នៅ​ក្នុងពេលភ្លាមៗ។ ការហាមឃាត់​សន្និសីទ​របៀបនេះ មិនមែនទើប​តែកើតឡើង ជាលើកទីមួយទេ នៅ​ក្នុង​រាជា​ណា​ចក្រ​ថៃ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារ នៅខែឧសភា ឆ្នាំ២០១៤នោះមក។

ចាប់ឃុំស្ងាត់ៗ...

ហើយបទបង្ហាញ ពីរបាយការណ៍មុនៗ ទាក់ទងនឹងការឃុំខ្លួន ដោយខុសច្បាប់ ក្នុងរយៈពេល នៃការក្ដោប​ក្ដាប់​អំណាចរបស់យោធាថៃ ក៏ត្រូវបានហាមឃាត់ដែរ។ រដ្ឋាភិបាលយោធា បានបិតមិនឲ្យមានបាតុកម្ម ដែល​មាន​ចរិត​នយោបាយ​ឡើយ រហូតមកដល់សព្វថ្ងៃ ហើយមេដឹកនាំ​ប្រឆាំង​ជាច្រើននាក់ ត្រូវបានលួចចាប់ខ្លួន យក​ទៅ​ឃុំ​យ៉ាងស្ងាត់ៗ អស់ជាច្រើនថ្ងៃ។ មេដឹកនាំប្រឆាំងខ្លះទៀត អាចនឹងប្រឈមមុខ នឹងការផ្ដន្ទាទោស ដាក់​ពន្ធនាគារ ពី​បទ​ធ្វើការជួបជុំ ដោយខុសច្បាប់។

បញ្ជីនៃការចាប់ចងនេះ នៅមិនទាន់រាប់បញ្ចូលផងទេ ពីការប្ដឹងសកម្មជន​សិទ្ធិមនុស្ស​ចំនួន៣នាក់ ដោយ​កង​ទ័ព​ថៃ ឡើងទៅតុលាការ​​ពីបទបរិហារកេរ្តិ៍ ដោយហេតុថា ពួកគេបាន​ចេញ​របាយការណ៍ ស្ដីពីការ​ធ្វើ​ទារុណកម្ម ពី​សំណាក់​យោធា នៅក្នុងភាគខាងត្បូង​នៃប្រទេសថៃ ដើម្បីបង្ក្រាប​ទៅលើ​ចលនា​និយម​ផ្ដាច់ទឹកដី របស់​ពលរដ្ឋ​អ្នក​កាន់​​សាសនា​​អ៊ីស្លាម នៅទីនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...