កែម ឡី និយាយ​ពី​«ខ្មែរក្រហម​សាហាវៗ» ដែល​​បន្ត​កាន់​អំណាច

ធ្វើដូចម្ដេច ដើម្បីឲ្យក្រុមខ្មែរក្រហម អាចបន្តកាន់អំណាចបាន? ក្រុមខ្មែរក្រហមដែលសាហាវៗ បានឈ្នះ និង​ឡើង​បន្ត​ការ​កាន់​អំណាច ដោយសារការអនុវត្តន៍ នូវ«វប្បធម៌លាបពណ៌ ដើម្បី​សម្លាប់»។ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម បាន​ពន្យល់​ថា វប្បធម៌លាបពណ៌នោះ មាន៥ជំហាន។
កែម ឡី និយាយ​ពី​«ខ្មែរក្រហម​សាហាវៗ» ដែល​​បន្ត​កាន់​អំណាច
ពីឆ្វេងមកស្ដាំ៖ លោក ខៀវ សំផន អ្នកស្រី អៀង ធីរិទ្ធ លោក នួន ជា និងលោក អៀង សារី មេដឹកនាំខ្មែរក្រហមចុងក្រោយ ដែលត្រូវបានយកមកកាត់ទោស និងរងការចោទ ថាបានសម្លាប់ខ្មែរ។ (រូបថតឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៤ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 25, 2016
  • ប្រធានបទ: វិភាគ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«វប្បធម៌លាបពណ៌» បានជួយឲ្យខ្មែរក្រហម ដែលសាហាវៗ ឈ្នះនិងបន្តកាន់អំណាច។ ឈ្នះគ្រប់​សព្វ​ទាំង​អស់ ទាំងសត្រូវចក្រពត្តិនិយម វណ្ណៈនាយទុន និងនៅទីបំផុត សូម្បីកម្មាភិបាលខ្មែរក្រហមគ្នាឯង ក៏ត្រូវ​រង​នូវ​ការ​លាប​ពណ៌ ហើយត្រូវយកទៅសម្លាប់ចោល យ៉ាងរង្គាល។ តើ«វប្បធម៌លាបពណ៌»នោះ ជាអ្វី និងមាន​ដំណាក់​កាល​អ្វីខ្លះ?

ជាមួយនឹងការហៅ​យុទ្ធសាស្ត្រនោះ ថាជា«វប្បធម៌លាបពណ៌ ដើម្បីសម្លាប់» លោក កែម ឡី អ្នកស្រាវជ្រាវ​ផ្នែក​សង្គម​ដ៏​ល្បីល្បាញ បានព​ន្យល់ នៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ដោយលើកយកជំហានទាំង៥ ក្នុងការ​បំពាក់​ពណ៌​ឲ្យខ្មែរ (*) មកសរសេរថា៖

១) ដាក់ពណ៌ថា ជាថ្នាក់ដឹកនាំរបបសាធារណរដ្ឋ គឺយកទៅសម្លាប់ទាំងអស់ ឬជីកស្មៅត្រូវជីកទាំងឬស។

២) ដាក់ពណ៌ថា ជាពួកយកព័ត៌មានឲ្យអាមេរិកកាំង ឬសេអីអា (CIA) ឲ្យរ៉ូស្ស៊ី ឬកាសេបេ (KGB) ក៏យក​ទៅ​សម្លាប់​ដែរ ដើម្បីផ្តាច់ខ្សែរយៈ។

៣) ដាក់ពណ៌ថា ជាអ្នកថ្មី ឬពួកនាយទុន ឬពួក១៧មេសា ក៏យកទៅសម្លាប់ម្តងមួយៗ ទាល់តែអស់។

៤) ដាក់ពណ៌ទាំងអ្នកចាស់ និងអ្នក១៧មេសា ថាក្បត់អង្គការ ជំហមិនរឹងមាំ ទ្រេតទ្រោត ក៏យកទៅសម្លាប់ ប្រកប​ដោយភាពឃោរឃៅបំផុត។

៥) ដាក់ពណ៌ឲ្យកម្មាភិបាលគ្នាឯង ទៅវិញទៅមកថា មិត្តមិនស្មោះអង្គការ ដែលមានច្រើនលើសលុប រហូត​ដល់​បង្កើតជាមន្ទីរ​ស២១ សម្រាប់ដាក់ឃុំ និងសម្លាប់ឲ្យផុតពូជ តាមផែនការ«សសឥ(?)»។

លោក កែម ឡី បានធ្វើការសរុបមតិថា ទីបំផុតទៅ គឺមានតែខ្មែរក្រហម​ដែល​«កាចសាហាវ»​ប៉ុណ្ណោះ ដែល​ឈ្នះ និង​ឡើងបន្តកាន់អំណាច។ ចំណែកខ្មែរក្រហម ដែលស្លូតត្រង់ ត្រូវគេលាបពណ៌បាន សម្រេច​ថា​ជា​អ្នក​សម្លាប់​ខ្មែរ​ទៅវិញ។

បញ្ហានៅត្រង់ថា តើខ្មែរក្រហមណា ដែលស្លូតត្រង់ ហើយថាតើខ្មែរក្រហមណា ដែលកាចសាហាវ?

ប៉ុន្តែគេត្រូវសួរតទៅទៀត ថាតើខ្មែរក្រហមកាចសាហាវណា ដែលឈ្នះ និងឡើងបន្តកាន់អំណាច? ព្រោះ​ប្រសិន​ជានិយាយពី ខ្មែរក្រហម ដែលរងការលាបពណ៌ ឬរងការចោទថា ជាអ្នកសម្លាប់ខ្មែរនោះ បានរង​ការ​រលាយ​រចនា​សម្ព័ន្ធ បានស្លាប់ជាបន្តបន្ទាប់ និងសេសសល់មួយចំនួន កំពុងរងការកាត់ទោស ពីសាលាក្ដី​ខ្មែរ​ក្រហម​នៅ​រាជធានី​ភ្នំពេញ សឹងតែអស់ហើយនោះ។ បើសិន​មាននៅសល់ និងកំពុងកាន់អំណាចសព្វថ្ងៃ គឺមានតែ​ថ្នាក់ដឹកនាំ​ប៉ុន្មាននាក់ ដែលសុទ្ធតែមានអតីតភាព ជាកម្មាភិបាលរបស់​ខ្មែរក្រហមប៉ុណ្ណោះ៕

------------

(*) ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើការកែតម្រូវ នូវកំហុសអក្ខរាវិរុទ្ធមួយចំនួន និងឃ្លាខ្លះឲ្យស្រួលស្ដាប់ ដោយរក្សា​អត្ថន័យ​ដើមនៅដដែល។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...