ព្រំដែននៅដាក់ដាំ៖ «ត្រូវមើលទាំងផែនទីធៀបនឹងផែនដី»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១២ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 17, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើផែនទីនោះ វាអាចត្រូវនឹងជាមួយផែនដី បានកម្រិតណា? ហើយអ្នកណាខ្លះដែលដឹងថា ផែនដីក្នុងផែនទីនោះ ស្ថិតនៅកន្លែងណាមួយ ច្បាស់លាស់ឬទេ? នេះជាចម្ងល់ ដែលចោទសួរឡើង ដោយលោក យ៉ង់ គឹមអេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ទាក់ទងនឹងសំនុំរឿងផែនទីព្រំដែន នៃប្រទេសកម្ពុជាដ៏ចម្រូងចម្រាស់។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មន្រ្តីសង្គមស៊ីវិលរូបនេះ បានថ្លែងឡើងថា បើផែនទី និងផែនដីត្រូវគ្នានោះ វាជាការប្រសើរមួយហើយ តែផ្ទុយមកវិញ បើមិនបានយកផែនទី ទៅផ្ទៀងផ្ទាត់ជាមួយផែនដីទេ ហើយគិតតែឈ្លោះគ្នា ដោយសំអាងតែផែនទីនោះ ក៏វាគ្មានន័យអ្វីដែរ។ លោក គឹមអេង បានថ្លែងឡើងថា៖ «កុំមើលក្រដាសហើយឈ្លោះគ្នា។ មើលក្រដាសហើយ ត្រូវធៀបទៅនឹងផែនដី ឲ្យច្បាស់លាស់ រឿងទឹកដី។»
លោកអះអាងថា នាំគ្នាសំឡឹងមើលតែលើផែនទី ឯធាតុពិតនៃផែនដីត្រូវបានបាត់បង់ ឬគេរំលោភយកតើអ្វីជាដំណោះស្រាយ។ លោកថា ដំណោះស្រាយល្អ ត្រូវស្ថិតនៅត្រង់ថា តើប្រវត្តិដីទាំងពីដើមមក ជាដីរបស់អ្នកណា? ជារបស់វៀតណាម ឬរបស់ខ្មែរ? បើជារបស់ខ្មែរ វៀតណាមគ្មានសិទ្ធិមកទាមទារ ថាជារបស់ខ្លួនបាននោះទេ។ លោកបានបន្ថែមទៀតថា៖ «យើងមានសំអាងច្រើន តាំងពីការរស់នៅ ពីរវប្បធម៌របស់ប្រជាពលរដ្ឋ តាំងពីស្លាកស្នាមប្រវត្តិសាស្រ្ត និងសកម្មភាពសង្គមនានា របស់ពលរដ្ឋពីយូរលង់មកនោះ។ ទាំងនេះ មិនអាចធ្វើឲ្យវៀតណាមនោះ មកធ្វើការទាមទារជារបស់ខ្លួនបានទេ។»
ការលើកឡើង របស់លោក យ៉ង់ គឹមអេង បានធ្វើឡើង បន្ទាប់ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ក្នុងបណ្តាញទំព័រសង្គមហ្វេសប៊ូក បានបង្ហាញថាផែនទីតម្កល់នៅ UN អាចការពារដីខ្មែរ នៅតំបន់«ដាក់ដាំ»បាន។ លោក សំអាន បានសរសេរថា៖ «ផែនទីកម្ពុជា តម្កល់នៅអង្គការសហប្រជាជាតិ (UN) ដែលខ្ញុំបានទទួលគឺផ្ទាំង SRE KHTUM "East" បោះពុម្ភឆ្នាំ១៩៥២ (ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ) ខ្សែព្រំដែន ដើរតាមព្រែកដាក់ហ៊ូត មិនមែនខ្សែព្រំដែន ដើរតាមព្រែកដាក់ដាំ ដូចការអះអាងរបស់វៀតណាមនោះទេ។ រដ្ឋាភិបាលអាចប្រើផែនទីតម្កល់ នៅអង្គការសហប្រជាជាតិនេះ និងសេចក្តីសម្រេច របស់អគ្គទេសាភិបាលបារាំង ប្រចាំឥណ្ឌូចិនឆ្នាំ១៩១៤ ដើម្បីទាមទារដីខ្មែរ ៥១គីឡូម៉ែត្រការេ ពីយួនមកវិញ។»
សូមរំលឹកថា ថ្មីៗនេះ អ្នកនាំពាក្យប្រទេសវៀតណាម បានបង្ហាញថា ដីចំនួន៥១គីឡូម៉ែត្រនៃដំបន់ដាក់ដាំ ជាដីរបស់ប្រទេសវៀតណាម ព្រោះគេមានឯកសារច្បាស់លាស់ សម្រាប់បញ្ជាក់។ ប្រតិកម្មទៅនឹងការលើកឡើងនេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា បានធ្វើការច្រានចោល ដោយចាត់ទុកថានេះជារឿងមិនពិត។ លោកថា ការអះអាងរបស់វៀតណាមនេះ កំពុងតេរំលោភលើសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ ដែលប្រទេសទាំងពីរ បានធ្វើជាមួយគ្នា។ លោក វ៉ា គឹមហុង បានថ្លែងឡើងថា៖ «យើងចរចា ធ្វើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ មានវាក្យខណ្ឌមួយ និយាយយ៉ាងច្បាស់ថា បើតំបន់នោះមិនទាន់បានឯកភាពគ្នា ភាគីទាំងពីរបន្តការចរចា ដើម្បីរកដំណោះស្រាយ នៅតំបន់ដែលនៅប្រទាញប្រទង់គ្នា ដាក់ដាំ ដាក់ហ៊ូតហ្នឹង។ (...) ឥឡូវអំណះអំណាងថា ជារបស់គាត់ (វៀតណាម) ពេញសិទ្ធិរបស់គាត់ វាអត់ត្រឹមត្រូវតាមច្បាប់ទេ។»
ចំពោះការអះអាងរបស់លោក វ៉ា គឹមហុងនេះ ត្រូវបាន លោក យ៉ាង គឹមអេង ទទួលស្គាល់ថា ពិតជាមានភាពម៉ឺងម៉ាត់ រឹងមាំមែន។ យ៉ាងណា លោកចោទជាសំនួថា តើភាពរឹងមាំ និងការប្រាដកប្រជានេះ មានកំរិតត្រឹមណា? លោក គឹមអេង បានបញ្ចាក់ថា៖ «ភាពស្ងាត់ស្ងៀមរបស់កម្ពុជា ដែលកំពុងបណ្តែតបណ្តោយ ឲ្យវៀតណាមធ្វើអ្វីស្រេចនឹងចិត្តនោះ នឹងធ្វើឲ្យគេលែងជឿ ហើយរដ្ឋាភិបាល(កម្ពុជា)នេះ អស់មានអ្នកជឿ ព្រោះតែបានប្រកាសថាជាដីខ្មែរ តែវៀតពានជាអ្នកគ្រប់គ្រងនោះ។»
តំណាងរាស្រ្តមណ្ឌលសៀមរាម មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរបន្តថា ក្រៅពីការអះអាងតំបន់ដាក់ដាំ ដាក់ហ៊ូត ខេត្តមណ្ឌលគិរី ជាទឹកដីរបស់ខ្លួន វៀតណាមក៏បានធ្វើផ្លូវក្រាលកៅស៊ូ មកដល់ច្រកដាក់ដាំ (ចូលទឹកដីខ្មែរ) ជាប់ព្រែកដាក់ដាំ សាងសង់សាលារៀន និងប្រឡាយទឹកនៅតំបន់នោះ ទោះបីមានការតវ៉ាពីភាគីកម្ពុជាក៏ដោយ ។
ប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ធ្លាប់ទទួលស្គាល់ថា តាមឯកសារ របស់អគ្គទេសសាភិបាលបារំាង ដីនៅតំបន់នោះជាដីរបស់ខ្មែរ។ មន្ត្រីរដ្ឋាភិបាល ទទួលបន្ទុករឿងព្រំដែនរូបនេះ បានអះអាងថា៖ «យើងមានសេចក្តីសម្រេច របស់អគ្គទេសាភិបាលបារំាងឆ្នាំ១៩១៤។ (...) សេចក្តីសម្រេច របស់ទេសាភិបាលបារំាង នៅជំនាន់នោះ ជំនាន់អាណានិគម វាជាច្បាប់។ ដល់មានច្បាប់ពីប្រទេសបារំាង យកទៅសម្រេច កាត់ដីតំបន់ដាក់ដំា ដាក់ហ៊ូត វាជារបស់កម្ពុជារួចទៅហើយ ដូច្នេះយកតែសេចក្តីសម្រេចឆ្នាំ១៩១៤ យកមកជាអំណះអំណាងច្បាប់ រឹងមំារបស់យើង។»
តាមការបញ្ជាក់របស់លោក អ៊ុំ សំអាន ថាពីព្រែកដាក់ដាំ ទៅព្រែកដាក់ហ៊ូត មានផ្ទៃក្រឡាប្រហែល៥១គីឡូម៉ែត្រការ៉េ។ ប៉ុន្តែបច្ចុប្បន្ន ដី៥១គីឡូម៉ែត្រការ៉េនោះ គ្រប់គ្រងដោយវៀតណាមទៅហើយ។ ទោះជាយ៉ាងណា ក៏ដោយ តំបន់នេះមិនទាន់ដោះស្រាយរួចរាល់ និងបោះបង្គោលនៅឡើយទេ។ សព្វថ្ងៃ ព្រំដែនកម្ពុជា-វៀតណាមបណ្តោះអាសន្ន នៅត្រឹមព្រែកដាក់ដាំ។ លោកតំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានឲ្យដឹងទៀតថា៖ «ជាទម្លាប់ កាលណាយួនកាន់កាប់ដីខ្មែរ តំបន់នោះហើយ យួនមិនដែលប្រគល់ឲ្យខ្មែរវិញទេ ទោះចរចាទ្វេភាគីយ៉ាងណាក៏ដោយ។ ដូច្នេះបើចង់បានដីនោះមកវិញ ជម្រើសមានតែម្យ៉ាងគត់ គឺប្តឹងទៅតុលាការយុត្តិធម៌ អន្តរជាតិ (ICJ)។»
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះពាក់ព័ន្ធជាមួយនឹងបញ្ហារឿងផែនទី ស្តីពីព្រំដែនត្រូវបានបញ្ចប់ហើយ។ ជាមួយនឹងការព្រមាន លោកបានបន្តែមថា៖ «សម្តេចតេជោ លោកមានប្រសាសន៍ហើយ ខ្ញុំមិនចង់និយាយទៀតទេ។ អ្នកណាថារដ្ឋាភិបាលប្រើផែនទីខុស និងត្រូវជាប់ទោសជាធរមាន។»៕