អតីត​ចៅ​ក្រម​ម្នាក់ ថា​រដ្ឋាភិបាល​យក​ជន​មិន​ចេះ​ច្បាប់​ មក​ធ្វើ​ច្បាប់

សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ខុសទាំងទំរង់ ខុសទាំងពាក្យបច្ចេកទេស ទាំង​និយម​ន័យ និងខុស​ ព្រោះរំលោភរដ្ឋធម្មនុញ្ញ។ នេះជាការអះអាង របស់លោក ស សុវ៉ាន អតីតចៅក្រម និង​ជា​អតីត​សាស្ត្រាចារ្យ​សាលា​ច្បាប់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: ច្បាប់ NGO
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើរដ្ឋាភិបាលកម្ពុជា ចង់ឲ្យសេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ឆាប់ត្រូវ​បាន​អនុម័ត និងត្រូវតែអនុម័ត ឲ្យខាងតែបាននោះ ចំណែកឯអ្នកជំនាញ ខាងច្បាប់វិញ បានចង្អុលចំៗថា ច្បាប់​ដែលរដ្ឋាភិបាល​កំពុង​ធ្វើនេះ មានលក្ខណៈមិនសមស្រប នឹងរដ្ឋធម្មនុញ្ញឡើយ។ មិនត្រឹមតែប៉ុណ្ណឹង អ្នក​ជំនាញ​រូប​នោះ ថែមទាំងបានរិះគន់ថា រដ្ឋាភិបាលយកមនុស្ស មិនចេះច្បាប់ មកធ្វើច្បាប់នោះថែមទៀត។

អតីតចៅក្រម អតីតមេធាវី និងជាអតីតសាស្ត្រាចារ្យសាលាច្បាប់ លោក ស សុវ៉ាន បានធ្វើការបរិហា នូវ​ចំណុច​មួយចំនួន ក្នុងចំណោមចំណុចជាច្រើន នៃសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​លោកបានចាត់ទុកថា មានលក្ខណៈរំលោភសិទ្ធិបុគ្គល និងរដ្ឋធម្មនុញ្ញ។ លោកបាន​បង្ហាញ​ត្រួសៗថា ដូចជា​ពាក្យ និងនិយមន័យ នៃពាក្យថា អ្វីទៅជាសមាគម អ្វីជាមូលនិធិ និងអ្វីជាអង្គការ​ក្រៅ​រដ្ឋាភិបាល (...) នៅមិន​មានការបកស្រាយ នៅក្នុងសេចក្ដីព្រាងច្បាប់នោះ ឲ្យត្រឹមត្រូវនៅឡើយរ។ តាម​លក្ខណៈ​ច្បាប់ និង​ទម្រង់​នៃ​ច្បាប់នេះ លោកបានដាក់ការសន្និដ្ឋានថា សេចក្តីព្រាងច្បាប់មួយនេះ ត្រូវបាន​តាក់​តែង​ឡើង ដោយក្រុម​មនុស្ស ដែលមិនមែនជាអ្នកច្បាប់។

លោកបានពន្យល់ថា អ្នកសរសេច្បាប់នេះ មិនយល់ច្បាប់ តែឲ្យគេយល់តាមខ្លួនទៅវិញ (ធ្វើតាម និងព្រមតាម) បើមានអ្នកណាមិនតាម មិនព្រម ក៏ខ្លួនមិនខ្វល់។ លោកបានលើកនូវករណីមួយថា ដូចជារយៈពេល ឬការ​ប្រាក់ជាដើម ដែលជាករណី មិនត្រូវយកមកចែង ក្នុងច្បាប់ដូច្នេះឡើយ។ បើដូច្នេះមែននោះ រដ្ឋសភា នឹងត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​កែ​ម្តងៗ។ លោកថ្លែង ទៅកាន់មនុស្សអ្នកបង្កើតច្បាប់ របស់រដ្ឋាភិបាលថា៖ «គេ​មិនដែលដាក់ “រយៈពេល” ក្នុងច្បាប់ទេ លោកឯកឧត្តមទាំងអស់។ (...) គ្រាន់តែដូរថ្ងៃខែ ត្រូវហៅប្រជុំរដ្ឋសភា គេអត់ធ្វើចឹងទេ។ (...) អ្នកសរសេរច្បាប់នេះ មិនមែនជាអ្នកច្បាប់ទេ។»

ទាក់ទងនឹងខ្លឹមសារច្បាប់វិញ លោកបានលើកយក មាត្រា៥ មាត្រា៣៥ ក្នុងសេចក្តីព្រាងច្បាប់នោះ ដែល​បាន​ចែងថា ក្រសួងមហាផ្ទៃមានសិទ្ធិ «លប់ឈ្មោះ»បុគ្គលម្នាក់ ដែលធ្លាប់ បានធ្វើជាប្រធានអង្គការមួយ ដែល​ត្រូវ​បាន​បិទ ដោយអាជ្ញាធរ នោះបុគ្គលនោះ នឹងមិនអាចមានសិទ្ធ មកបើកអង្គការថ្មីទៀតបានឡើយ។ ចំណុចនេះ ត្រូវ​បាន​លោក ស សុវ៉ាន ចាត់ទុកថា ជាមាត្រាមួយ ដែលរំលោភសិទ្ធិបុគ្គល រំលោភច្បាប់ ព្រោះតែបិទសិទ្ធិ​បុគ្គល​ម្នាក់ៗ មិនឲ្យគេចូលរួម ក្នុងសកម្មភាពសង្គមកិច្ច។ លោកបានពន្យល់ទៀតថា មានតែតុលាការទេ ដែល​មាន​សិទ្ធិ​នេះ ឬបើមិនអញ្ចឹងទេ មាត្រាមួយនេះ ត្រូវតែលប់ចេញជាដាច់ខាត។ បើមានមាត្រានេះ ច្បាប់​ខាង​លើ នឹងមាន​អសុពលភាព​នៃច្បាប់ ដោយរំលោភរដ្ឋធម្មនុញ្ញ។

ក្នុងជន្មាយុ ៧៥ ឆ្នាំ អតីតចៅក្រមខាងលើបានរិះគន់ចំៗ ទាំងលើទម្រង់ និងអត្ថន័យ ដែលមានលក្ខណៈ​ខុស​ឆ្គងច្រើន នៃសេចក្រីព្រាងច្បាប់មួយនេះ របស់រដ្ឋាភិបាល។ ប៉ុន្តែអតីតសាស្ត្រាចារ្យច្បាប់ បានបង្ហាញនូវជំហរ​របស់​លោកថា ត្រូវតែមានច្បាប់ សម្រាប់គ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី​ការពារ​មិនឲ្យ​មាន​អង្គការ សមាគម«ខ្មោច»។ រីឯការចុះបញ្ជី របស់សមាគម ឬអង្គការ ដែលមានចែងនៅក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ ក៏មិនមែនជាឧបស្គអ្វីដែរ ដែលផ្ទុយទៅវិញ វាជាភាពវិជ្ជមានមួយ សម្រាប់​សមាគម ឬ​អង្គការ​ទាំង​នោះ​ទៅ​វិញ។ លោកថា អង្គការសមាគម ដែលមានចុះបញ្ជីត្រឹមត្រូវ នឹងទទួលបាន ឬឲ្យគេ​ទទួល​​ស្គាល់ នូវ​សញ្ជាតិ សិទ្ធិ និងបេតិកភ័ណ្ឌ របស់អង្គការ សមាគមទាំងនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...