មិន​ដឹង​ថា​ចាក់​ទឹក ជំនួស​សាំង ធ្វើ​ឲ្យ​ខ្ទេច​ឡាន​ថ្លៃ​ម្ភៃ​ម៉ឺន

ម្ចាស់រថយន្ដទំនើបមួយគ្រឿង នឹកស្មានថា បានចាក់បំពេញ នូវប្រេងឥន្ទនៈ ឲ្យរថយន្ដដែលខ្លួនទើបនឹងទិញ ហើយថ្នមជាទីបំផុត... ដឹងអី មួយសន្ទុះក្រោយ ទើបនាយដឹងថា ម៉ាស៊ីនចាក់សាំងនោះ បានខូច ហើយប្រេងឥន្ទនៈ ដែលខ្លួនចាក់នោះ មិនមែនជាសាំងសុទ្ធនោះទេ។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 21, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម៉ាកូ (Marco) អ្នករស់នៅក្រុង ហ្សូរីស (zuric) ប្រទេសស្វីស នៅមិនទាន់បាត់ ការភ្ញាក់ផ្អើលរបស់ខ្លួននោះ នៅឡើយ។ ដោយហេតុថា រថយន្ដ Maserati ដ៏ទំនើបរបស់ ម៉ាកូ ដែលទើបនឹងទិញ ថ្មីសុទ្ធ ក្នុងតម្លែជិត ២០ម៉ឺនដុល្លា ពីបួនខែ​មុន​នេះ បែរជាត្រូវចូល ទៅឲ្យជាងជួសជុល យ៉ាងឆាប់រហ័សបែបនេះសោះ។ ជាពិសេសទៅទៀតនោះ បើទោះជារថយន្ដ ត្រូវបានជាងជួសជុលរួចក៏ដោយ ក៏ ម៉ាកូ មិនប្រាកដថា ម៉ាស៊ីនអាចរត់ល្អដូចដើមនោះដែរ។

ហេតុការណ៍ បានកើតឡើង កាលពីថ្ងៃទី៨ ខែមេសា នេះ បន្ទាប់ពីម៉ាកូ បានចេញពីធ្វើការ ហើយបានចូល ទៅស្ថានីយ៍​ចាក់សាំង សែល (Shell) ដើម្បីបំពេញធុងសាំង របស់រថយន្ដខ្លួន។ ម៉ាកូ បានរៀបរាប់ថា៖ «ខ្ញុំបានជ្រើសរើស យកសាំង​ប្រភេទ V-Power ដែលថ្លៃជាងសាំងធម្មតា ព្រោះ គេបានប្រាប់ខ្ញុំថា សាំងប្រភេទនេះ ត្រូវនឹងម៉ាស៊ីនឡានថ្មី របស់ខ្ញុំ»។

ផ្ទុយពីការថ្នាក់ថ្នមរថយន្ដរបស់ខ្លួន ដែលទើបនឹងទិញនេះ ម៉ាកូ បានសម្ដែងការខ្នក់ចិត្ត រកប្រៀបផ្ទឺមពុំបាន។ បន្ទាប់​ពី​បាន​ចត នៅក្នុងចំណតក្រោមផ្ទះរួច ម៉ាកូ មិនអាចបញ្ឆេះរថយន្ដមួយនេះ បានទៀតទេ។ ម៉ាកូ និយាយថា៖ «ខ្ញុំមិនអាច​បញ្ឆេះម៉ាស៊ីន ឲ្យដើរបានទេ។ ខ្ញុំបានហៅទៅហាង ដែលខ្ញុំបានទិញរថយន្ដ ដើម្បីឲ្យមកមើល ប៉ុន្តែជាងដែលមក​មើល​រថយន្ដ មិនបានរកឃើញ អ្វីមួយដែលខុសពីធម្មតាឡើយ។»

ប៉ុន្តែ នៅពេលជាង បានត្រួតពិនិត្យស៊ីជម្រៅ នៅវេលាស្អែកឡើង ទើប ម៉ាកូ បានដឹងពីបញ្ហា របស់រថយន្ដខ្លួន។ នោះ គឺ​ការ​ចាក់បំពាក់ធុងសាំងរថយន្ដ កាលពីម្សិលម៉ិញ មិនមែនមានសុទ្ធតែសាំងនោះទេ តែមានទឹក ប្រមាណជាពាក់​កណ្ដាល។ ម៉ាកូ បានសម្ដែងការខឹងសម្បារថា៖ «គ្រាន់តែជួសជុល ក្នុងពេលនេះ ភ្លាមៗ ខ្ញុំត្រូវចំណាយអស់ ជាង ២៥០០​ដុល្លារ ហើយបញ្ហា ប្រហែលជានៅតែមាន បន្តទៅទៀត»។

ម៉ាកូ បានទាក់ទងសួរទៅ ស្ថានីយ៍ចាក់សាំងវិញ ប៉ុន្តែនៅដំបូងឡើយ ក្រុមហ៊ុន សែល ហាក់មិនចង់ដឹងឮពី​ករណី​នេះ​ទេ។ ម៉ាកូ បានថ្លែងទៀតថា៖ «ពួកគេសួរសំនួរខ្ញុំច្រើនណាស់ ធ្វើហាក់ដូចជាខ្ញុំ ជាអ្នកធ្វើខុសអញ្ចឹង»។ ប៉ុន្តែនៅទីបំផុត ក្រុមហ៊ុន សែល បានទទួលសង នូវការជួសជុលរថយន្ដ និងផ្ដល់មកឲ្យ ម៉ាកូ នូវរថយន្ដមួយ ដើម្បីបើកជាបណ្ដោះ​អាសន្ន។

អ្នកនាំពាក្យក្រុមហ៊ុនប្រេងឥន្ទនៈ សែល ប្រចាំនៅប្រទេសស្វីស លោក អាសែល ប៉ូមើរ៉ងកេ (Axel Pommeränke) បាន​ពន្យល់ពីបញ្ហានេះថា នៅក្នុងសប្ដាហ៍នោះ ស្ថានីយ៍ចាក់សាំងចំនួនពីរ បានរងនូវបញ្ហានេះ។ ប្រដាប់បូមសាំង នៅតាម​ស្ថានីយ៍នីមួយៗ បានបែកធ្លាយ ហើយទឹកបានហូរចូល ទៅលាយជាមួយសាំង។ លោក អាសែល បានបញ្ជាក់ទៀតថា៖ «ប្រដាប់បូមសាំងទាំងពីរ បានបិទ លែងឲ្យប្រើប្រាស់ ហើយធុងផ្ទុកសាំង ក៏ត្រូវបានបូកចេញទាំងអស់ដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...