4U9525៖ ជំនួយ​ការ​បើក​បរ ប៉ុន​ប៉ង​បង្ហោះ​យន្ដហោះ ទៅ​បុក​ភ្នំ!

ជំនួយការបើកបរយន្ដហោះ នៃយន្ដហោះ អ៊ែរប៊ូស A320 របស់ក្រុមហ៊ុន ហ្សែរមេនវីង (Germanwings) ដែល​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់ កាលពីថ្ងៃអង្គារ បានបង្ខាំងខ្លួន នៅក្នុងបន្ទប់បើកបរ ខណៈមេបញ្ជាការ បើកបរយន្ដហោះ បានអវត្តមាន។ ជំនួយ​ការ​បើក​បរ​ម្នាក់​នេះ ទំនង​ជា​មាន​បំណង ចង់បង្កគ្រោះឲ្យយន្ដហោះ របស់ខ្លួន។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ២៦ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 27, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្លេង ដែលត្រូវបានថតជាប់ នៅក្នុងប្រអប់ខ្មៅទីមួយ ចេញពីបន្ទប់បើកបរយន្ដហោះ បានបង្ហាញប្រាប់ អ្នកស៊ើប​អង្កេត​បារាំង ថា ក្នុងរយៈពេល២០នាទីដំបូង ការបញ្ជាយន្ដហោះ បានប្រព្រឹត្តិទៅដូចធម្មតា។ ប៉ុន្តែនៅ១០នាទី​ចុង​ក្រោយ បន្ទាប់ពីមេបញ្ជាការ បើកបរយន្ដហោះ បានចេញពីបន្ទប់បើកបរ ដើម្បីទៅដោះទុក្ខសត្វនោះ ជំនួយការបើកបរ បាន​ដាក់​គន្លឹះ​ទ្វា​បន្ទប់​បើកបរនោះ ហើយបានបញ្ជាយន្ដហោះ ឲ្យហោះចុះក្រោម រហូតមកបុក ជាមួយនឹងជញ្ជាំងភ្នំ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ យន្ដហោះ របស់​ក្រុមហ៊ុន ហ្សែរមេនវីង (Germanwings) ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ បាន​ជួប​គ្រោះថ្នាក់ធ្លាក់ បន្ទាប់ពីបានហោះភ្ជាប់ ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ ជាមួយ​នឹងអ្នក​ដំណើរ ១៤៤នាក់ ព្រមទាំងបុគ្គលិកបម្រើ​លើ​យន្ដហោះ ៦នាក់។

អ្នកបើកបរយន្ដហោះ វ័យក្មេង...

រដ្ឋអាជ្ញាបារាំង លោក ប្រ៊ីស្ស រ៉ូបាំង (Brice Robin) ដែលទទួលបន្ទុកស៊ើបអង្កេត ករណីធ្លាក់យន្ដហោះនេះ បានថ្លែង​ឡើងថា៖ «ការបកស្រាយ ដែលមាននៅថ្ងៃនេះ (...) បង្ហាញយ៉ាងច្បាស់ថា ជំនួយការបើកបរយន្ដហោះ ជាមួយនឹង​បំណងច្បាស់លាស់ បានបដិសេធ មិនព្រមបើកទ្វា បន្ទប់បើកបរយន្ដហោះទេ»។ បន្ទាប់មក បុរសនេះ បានចុចប៊ូតុង ដែលធ្វើឲ្យបាត់លំនឹងយន្ដហោះ។ គេមិនដឹងថា តើទង្វើនេះ មានមូលហេតុអ្វី ឲ្យច្បាស់លាសនោះទេ ប៉ុន្តែទង្វើនេះ បានបង្ហាញថា ជំនួយការបើកបរ មានបំណងបំផ្លាញ យន្ដហោះ។

លោករដ្ឋអាជ្ញា បានបន្តទៀតថា ២០នាទីដំបូង ដែលបានស្ដាប់ឮ នៅក្នុងការថតសម្លេងនោះ មានលក្ខណៈធម្មតា ប៉ុន្តែ​ការតានតឹង ដូចបានផ្លាស់ប្ដូរ នៅពេលដែលមេបញ្ជាការយន្ដហោះ បានរំលឹកពីបទបញ្ជា ដែលយន្ដហោះ ត្រូវ​ធ្វើការ​ចុះ​ចត នៅក្រុងឌូសែលដ័រ។ ជំនួយការបើកបរ បានឆ្លើយមក មេបញ្ជាការវិញ ដោយពាក្យ យ៉ាង«សោះអង្គើយ»។

«យើងបានស្ដាប់ឮថា មេបញ្ជាការបានសុំឲ្យជំនួយការរបស់ខ្លួន បញ្ជាយន្ដហោះ រួចយើងបានស្ដាប់ឮ សម្លេងរំកិល​របស់​កៅអី និងសម្លេងទ្វាបិទ ដែលធ្វើឲ្យគេគិតថា មេបញ្ជាការទំនងជា ចូលបន្ទប់ទឹក។ បន្ទាប់ពីនោះមក យើងបាន​ឮ​ជំនួយការបើកបរ បានចុចប៊ូតុង flight monitoring system ដើម្បីទម្លាក់យន្ដហោះ ឲ្យហោះចុះក្រោម។»

ជំនួយការបើកបរយន្ដហោះនោះ ដែលមានអាយុ២៨ឆ្នាំ ទើបនឹងត្រូវបានក្រុមហ៊ុន ហ្សែរមេនវីង ទទួលឲ្យចូលធ្វើការ កាលពីប៉ុន្មានខែមុន ហើយទើបនឹងមានបទពិសោធន៍ ក្នុងការហោះហើរ តែប៉ុន្មានរយម៉ោងប៉ុណ្ណោះ។

«ការចុចប៊ូតុង flight monitoring system អាចធ្វើបាន លុះត្រាតែមានបំណុងចុច (មិនអាចមានលក្ខណៈ ជាស្វ័យ​ប្រវត្តិ​ឡើយ)» លោក រ៉ូបាំង បានពន្យល់ទៀតថា នៅក្នុងរយៈពេល នៃការបង្ហោះយន្ដហោះ ឲ្យធ្លាក់នេះ គេបានស្ដាប់់​សម្លេង​ដក​ដង្ហើម របស់ជំនួយការបើកបរ ដែលហាក់ដូចជាគ្មានរឿងអ្វីកើតឡើង និងបញ្ជាក់ថា ជំនួយការរូបនេះ នៅមាន​ស្មារតី​នៅ​ឡើយ រហូតដល់យន្ដហោះ ជល់ជាមួយជញ្ជាំងភ្នំ។

គ្មានសញ្ញាប្រកាសអាសន្ន...

នៅក្នុងរយៈពេលនោះ គេបានស្ដាប់ឮមេបញ្ជាការ បានត្រឡប់មកវិញ ហើយបានហៅគោះទ្វាជាច្រើនដង ដើម្បីសុំចូល​ទៅ​ក្នុងបន្ទប់បើកបរវិញ ប៉ុន្តែបន្ទប់បើកបរនោះ ត្រូវបានបិទជិត យ៉ាងរឹងមាំជាទីបំផុត (ជាទ្វាការពារ ការរំលោភ​បំពាន​ផ្សេងៗ)។ ក្នុងពេលទន្ទឹមគ្នា ផ្នែកត្រួតពិនិត្យផ្លូវអាកាស របស់ប្រទេសបារាំង ក៏បានសង្កេតឃើញ មានភាពមិនប្រក្រតី​ដែរ ហើយ​ព្យាយាមទាក់ទងមកយន្ដហោះ តែគ្មានចម្លើយអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណឹង រហូតលុះត្រាយន្ដហោះ បាន​បុក​ជាមួយជញ្ជាំងភ្នំ គេមិនបានទទួលសញ្ញាអាសន្ន ពីបន្ទប់បើកបរយន្ដហោះទេ ហើយជំនួយការបើកបរវ័យក្មេង បាន​ស្ងាត់​មាត់​រហូត ក្នុងពេលបង្ហោះទម្លាក់យន្ដហោះ។

បើតាមលោករដ្ឋអាជ្ញា បានឲ្យដឹងថា អ្នកដំណើរទាំងអស់ មិនបានដឹងខ្លួនជាមុន ពីការបង្ហោះទម្លាក់ខ្លួន របស់យន្ដហោះ​នោះទេ។ ពួកគេមិនដឹង រហូតដល់វិនាទីចុងក្រោយ។ នៅក្នុងការថតសម្លេងរបស់ប្រអប់ខ្មៅ គេបានស្ដាប់ឮសម្លេង​ស្រែក​​ចុង​ក្រោយ មុននឹងស្ងាត់ឈឹងក្នុងពេលបន្ទាប់មក ដែលបញ្ជាក់ថា មរណភាពរបស់អ្នកដំណើរ មានកើត​ឡើង​ភ្លាមៗ។

អ្នកស៊ើបអង្កេតបារាំង និងអាល្លឺម៉ង់ បានធ្វើការសាកសួរ ទៅលើមនុស្សមួយចំនួន ដែលជាក្រុមគ្រួសារ និងស្ថិត​នៅ​ជុំវិញ យុវជនជាជំនួយការបើកបរយន្ដហោះ ហើយចម្លើយដែលគេទទួលមកវិញ បានឲ្យដឹងថា យុវជន​ជាតិ​អាល្លឺម៉ង់​ម្នាក់នេះ មានឫកពារធម្មតា និងមិនមានហេតុភេទអ្វីចម្លែក នៅមុនគ្រោះថ្នាក់ទេ។ នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ ការចូល​ឆែកឆេរ​ក្នុងគេហដ្ឋាន ចំនួនពីរកន្លែង របស់យុវជនជំនួយការ បើកបរយន្ដហោះ ត្រូវបានធ្វើ ដោយកងកម្លាំង នគរបាល​អាល្លឺម៉ង់។ ក្នុងចំណោមគេហដ្ឋានទាំងពីរ គេហដ្ឋានមួយកន្លែង ស្ថិតក្នុងក្រុង ឌូសែលដ័រ ដែលយន្ដហោះត្រូវទៅចុះចត។

សូមបញ្ជាក់ជូនថា ប្រអប់ខ្មៅទីពីរ នៅមិនទាន់ត្រូវបាន គេរកឃើញនៅឡើយ មកទល់នឹងម៉ោងនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...