ព្រះយេស៊ូគ្រឹស្ទ៍ មានកូនពីរនាក់ជាមួយនាង ម៉ារី ម៉ាឌឺឡេន?
- ដោយ: ដ. កែវ ដោយ ដ. កែវ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 21, 2014
- ប្រធានបទ: ស្នាដៃថ្មី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើព្រះយេស៊ូគ្រឹស្ទ៍ ពិតជាមានកូនស្នងត្រកូលមែនឬ? គ្មានអ្នកកាន់សាសនាគ្រឹស្ទ៍ណាម្នាក់ នឹកគិតទៅដល់រឿងនេះសូម្បីបន្តិចឡើយ។ តែគេអាចរកចម្លើយ ដែលទាក់ទងនឹងសំនួរដ៏ពិបាកនេះបាន បន្ទាប់ពីគុម្ពីដ៏ចំណាស់មួយ ត្រូវបានគាស់ចេញមកបង្ហាញជូន នៅក្នុងបណ្ណាល័យ British Library នារាជធានីឡុងដ៍ ចក្រភពអង់គ្លេស។ គុម្ពីដ៏ចំណាស់ជាងគេនោះ បានសរសេរចារទុកមកថា ព្រះយេស៊ូ គ្រឹស្ទ៍ មានកូនពីរនាក់។
បើតាមទស្សនាវដ្ដី Sunday Times បានរាយការណ៍ថា សាស្ត្រាចារ្យជំនាញ ខាងការស្រាវជ្រាវផ្នែកសាសនាមួយរូប លោក បារី វីលសុន (Barrie Wilson) មកពីសកលវិទ្យាល័យ York de Toronto នៃប្រទេសកាណាដា និងអ្នកនិពន្ធ លោក ស៊ីមឆា ចាកូបូវីក (Simcha Jacobovic) បានធ្វើការបកប្រែគុម្ពីនោះ ចេញពីភាសាដើម អារ៉ាម៉េន ហើយបានរកឃើញ ពីការបកស្រាយនេះ។ អ្នកទាំងពីរបានយករបកគំហើញនេះ មកសរសេរបោះពុម្ភផ្សាយ នៅក្នុងសៀវភៅមួយ មានចំណងជើងជាភាសាអង់គ្លេសថា The Lost Gospel ហើយទើបនឹងត្រូវបានចេញមកលក់ កាលពីថ្ងៃទី១១ ខែវិច្ឆិកាមុន។
សម្រាប់អ្នកនិពន្ធទាំងពីររូប គុម្ពីចារិកមិនត្រឹមបានបញ្ជាក់ថា ព្រះគ្រឹស្ទ៍មានបុត្រពីរនាក់ ជាមួយនឹងស្ត្រីសាវ័ក នាងម៉ារី ម៉ាឌឺឡែន ប៉ុណ្ណោះទេ តែព្រះយេស៊ូ ថែមទាំងបានរៀបការជាមួយ ស្ត្រីផ្កាមាសរូបនេះ ដែលត្រូវបានគុម្ពី Evangile selon Luc ចាត់ទុកជា«ស្ត្រីពោរពេញដោយអំពើបាប» នោះទៀត។ ទស្សនាវដ្ដី បានដកស្រង់បំណែកខ្លះនៃសៀវភៅមកអះអាងថា គុម្ពីចំណាស់ជាង១៥០០ឆ្នាំនោះ បានផ្ដល់នូវនិមិត្តរូបយ៉ាងសំខាន់ ទៅឲ្យស្ត្រីសារ័ក ដែលគេមិនសូវនឹកនាដល់ និងបានសរសេរបញ្ជាក់បន្ថែមថា ស្ត្រីសាវ័ក ម៉ារី ម៉ាឌឺឡេន និងកូនទាំងពីរ ធ្លាប់រងនូវគម្រោងការ«លួចធ្វើឃាត»។
តាមពិតទៅ សៀវភៅ The Lost Gospel ដែលសរសេរដោយអ្នកនិពន្ធទាំងពីររូបខាងលើ មិនមែនជាស្នាដៃលើកដំបូង ដែលបង្ហាញថា ព្រះយេស៊ូគ្រឹស្ទ៍ មានគ្រួសារមានប្រពន្ធមានកូន នោះទេ។ សារព័ត៌មានរបស់អង់គ្លេសមួយ ឈ្មោះ The Independent បានរំលឹកឡើងវិញមកវិញថា នៅឆ្នាំ១៩៥៣ អ្នកនិពន្ធ នីកូស កាហ្សានហ្សាគីស (Nikos Kazantzakis) ក៏បានបញ្ចេញស្នាដៃមួយរបស់ខ្លួន មានចំណងជើងថា «បំណងចុងក្រោយរបស់ព្រះគ្រឹស្ទ៍» ហើយក៏បានបញ្ជាក់ថា ព្រះជាម្ចាស់អង្គនេះ មានបុត្រមួយអង្គដែរ។ ស្នាដៃជាសៀវភៅនោះ ត្រូវបានសមិទ្ធិករភាពយន្ដមួយរូប យកមកថតជាភាពយន្ដនោះផងទៀត។
យ៉ាងណាក៏ដោយ ក៏ការអះអាងថា ព្រះយេស៊ូមានប្រពន្ធនេះ ត្រូវបានអ្នកស្រាវជ្រាវផ្សេងជាច្រើន បដិសេធ ដោយនិយាយថា អ្វីដែលសរសេរនៅក្នុងគុម្ពីទើបនឹងត្រូវបានរកឃើញ គ្រាន់ជាការបណ្ដុះបង្អាប់ព្រះគ្រឹស្ទ៍ និងសាសនារបស់ព្រះអង្គ ដោយក្រុមមួយ ដែលមិនពេញចិត្តនឹងព្រះអង្គ ក្នុងសម័យកាលនោះប៉ុណ្ណោះ៕