រក​ឃើញ​អធិការ ហ៊ី ណារិន ប្រព្រឹត្តិ​បទ​ល្មើស​ចំនួន ៨

ទឹកប្រាក់ ប្រមាណជាង ២.៧១២.២៣៦.០០០ រៀល ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ លោក ហ៊ី ណារិន អធិការនគរបាល ខណ្ឌមានជ័យ ដែលឈានទៅដល់ការចាប់ខ្លួន។ ចំពោះ​ការ​ចាប់​ខ្លួន​មន្រ្តី​រូប​នេះ ប្រជាពលរដ្ឋជាច្រើន បានសម្តែងការអបអរសាទរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០២ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 04, 2014
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​ផ្សព្វផ្សាយ ក្នុង​គេហទំព័រ​របស់​ខ្លួន កាល​​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ២០១៤ បាន​ឱ្យ​​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ស៊ើប​អង្កេត អស់​រយៈពេល​៨ ខែ និង​បាន​ប្រមូល​ព័ត៌មាន ពី​មន្ត្រី​នគរបាល ដែល​បម្រើ​ការងារ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ចំនួន ៤១ រូប និង​ការ​ប្រមូល​ព័ត៌មាន​ពីប្រភព​នានា​ជា​ច្រើន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សម្រេច​ឃាត់​ខ្លួន​ឈ្មោះ ហ៊ី ណារិន អធិការ​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​មាន​ជ័យ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។

សេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយដដែល បានអះអាងបន្តថា អធិការនៃអធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យដដែលនេះ បានប្រព្រឹត្តិល្មើសចំនួន៨ ករណីធំៗ មុននឹង​ឈាន​ទៅធ្វើការឃាត់​ខ្លួន​នេះ។ បទល្មើសទាំងនោះ រួមមាន៖

. ការបើកយកប្រាក់ខែ របស់មន្ត្រីនគរបាល ដែលអវត្តមានពី ឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ និងមន្ត្រីនគរបាល ដែលអសកម្ម ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។
. ការតម្រូវឱ្យប្រជាពលរដ្ឋ បង់លុយក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) ១ក្បាល ចំនួន ៥០.០០០ រៀល សៀវភៅ​គ្រួសារ ១ក្បាល ៥០.០០០រៀល និងចុះឈ្មោះសមាជិកថ្មី ចំនួន ២០.០០០ រៀល ក្នុងម្នាក់ៗ។
. តម្រូវឲ្យមន្ត្រីក្រោមឱវាទ ទិញអាវចំណាំងផ្លាត និងស្រោមកាំភ្លើងវែង។
. ការកេងយកប្រាក់ឧបត្ថម្ភ កម្លាំងហ្វឹកហាត់ការពារបាតុកម្ម។
. តម្រូវឱ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្ត្រីមួយចំនួន បង់ប្រាក់ ជារៀងរាល់ខែ។
. ការទាមទារលុយពីម្ចាស់ម៉ូតូ ដែលចាប់ទុក ដោយសារគ្មានពន្ធ និងការលក់ម៉ូតូ ដែល​ម្ចាស់មិន​ដោះស្រាយ។
. ការប្រមូលលុយផាកពិន័យ លើសកំណត់ពីម្ចាស់ម៉ូតូ ដែលធ្វើចរាចរណ៍ គ្មានស្លាកលេខ កញ្ចក់ និង​មួក។
. ការតម្រូវឱ្យបង់លុយពី ការដោះស្រាយវិវាទគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០ ភាគរយ នៃថ្លៃសំណង។

សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ទៀតថា លោក ហ៊ី ណារិន បាន​សារភាពថា ខ្លួនបានប្រព្រឹត្តិអំពើពុករលួយ ដោយកិបកេងប្រាក់ប្រមាណ ២ ៧១២ ២៣៦ ០០០រៀល ឬស្មើ​នឹង ៦៧ ៨០៥ដុល្លារ។ លិខិតរបស់អង្គភាពដដែលនេះបន្តថា កន្លងមក អង្គភាពអំពើបានទទួលពាក្យបណ្តឹង ប្តឹងលោក ហ៊ី ណារិន ចំនួន៥ដង ហើយអង្គភាពបានធ្វើការលម្អ ទៅលើបុគ្គលនេះចំនួនពីរដងរួចមកហើយ ប៉ុន្តែបុគ្គលនេះនៅតែព្រងើយកន្តើយ នៅតែបន្តប្រព្រឹត្តខុសច្បាប់ដដែល។

ការសម្រេចចាប់ខ្លួនអធិការនៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យរូបនេះ ត្រូវបានប្រជាពលរដ្ឋជាទូទៅ សម្តែង​ការរីករាយស្វាគមន៍ ចំពោះចំណាត់ការនេះ ហើយពួកគេសំណូមពរឱ្យអង្គភាពមួយនេះ​ធ្វើការ​ស៊ើប​អង្កេត និង​ចាប់ខ្លួនមន្ត្រីពុករលួយផ្សេងទៀតនៅតាមស្ថាប័ន រដ្ឋមួយចំនួន។

អ្នកស្រីសុខ នី (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) ជាអាជីវករ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា អ្នកស្រីសប្បាយ ព្រោះដែលមន្រ្តីដែលតែងតែកិបកេងលុយប្រជាពលរដ្ឋ ត្រូវបានចាប់ខ្លួន។ អាជីវកររូបនេះ​បន្តថា៖ «ជារឿងហួសពេលបន្តិចដែរ ព្រោះបើសិនគាត់តាមចាប់ អ្នកប្រព្រឹត្តអំពើពុករលួយអញ្ចឹងយូហើយ ប្រទេសយើងអាចល្អជាងនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...