អាពាហ៍ពិពាហ៍ក្លាយជាទឹកភ្នែក របស់ស្ត្រីខ្មែរជាមួយបុរសជាតិចិន
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទឹកភ្នែកស្ត្រីខ្មែរ នៅតែត្អូញត្អែរមិនឈប់ ពីការជួញដូរមនុស្ស កម្លាំងពលកម្ម និងផ្លូវភេទ ដែលជារឿយៗត្រូវបានធ្វើឡើង តាមរូបភាពអាពាហ៍ពិពាហ៍រវាងស្រ្តីខ្មែរ ជាមួយបុរសបរទេស។ ករណីនេះ បានផ្ទុះជាថ្មីទៀត ដោយសារស្ត្រីបីរូប ដែលបានអះអាងថា ខ្លួនជាជនរងគ្រោះនោះ បានថ្លែងបរិហាជាថ្មី ពីបុរសជាតិចិនជាស្វាមី មានចិត្តអប្រិយទុរយស យកពួកនាងទៅធ្វើបាប យ៉ាងទារុណ។ អ្វីដែលនាងឈឺចាប់ខ្លាំងបំផុតនោះ ពួកនាងត្រូវបានបណ្ដាញបោកប្រាស់មួយ ហៅថា«មេខ្យល់» ជាអ្នករៀបចំអាពាហ៍ពិពាហ៍ទាំងនេះឡើយ។
របាយការណ៍ស្ដីអំពីការជួញដូរមនុស្ស កម្លាំងពលកម្ម និងផ្លូវភេទ។ (រូបថត MONOROOM.info/ S. Tith)
ស្ត្រីខ្មែរ - «គេទិញអស់លុយច្រើនណាស់ គេឲ្យធ្វើអី ធ្វើតាមគេទៅ។» នេះជាសម្ដីរបស់ស្វាមីជាតិចិន ស្រង់មកបញ្ជាក់ដោយស្ត្រីប្រពន្ធជាតិខ្មែរ ដែលជាជនរងគ្រោះទាំងបីនាក់ ដែលនិយាយក្នុងល័ក្ខខ័ណ្ឌ មិនបញ្ចេញឈ្មោះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះ ក្នុងទីស្នាក់ការនៃសមាគម អាដហុក។ ថ្លែងជាមួយនឹងទឹកភ្នែក ស្ត្រីរងគ្រោះបាននិយាយថា ខ្លួនត្រូវបានមេខ្យល់ ដកយកលិខិតឆ្លងដែន ទូរស័ព្ទសម្រាប់ទំនាក់ទំនង និងបានឃុំខ្លួនក្នុងបន្ទប់ មិនឲ្យចេញទៅណាឡើយ។
សេចក្តីថ្លែងការណ៍ របស់សមាគមអាដហុក ចុះថ្ងៃទី៣០ ខែកក្កដានេះ បានឲ្យដឹងថា ការជួញដូរមនុស្សក្នុងដើមឆ្នាំ២០១៤ មកទល់ពេលនេះ មានចំនួនរហូតដល់១០៨ករណី សរុបជនរងគ្រោះ មានចំនួន២៩៥នាក់។ ដោយឡែកសម្រាប់ប្រទេសចិន ក្រោមរូបភាពអាពាហ៍ពិពាហ៍ តាមរយៈការបោកបញ្ឆោត របស់មេខ្យល់មានចំនួន២៦ករណី ស្មើនឹង២៩នាក់នៃជនរងគ្រោះជាស្រ្តី។ ស្រ្តីរងគ្រោះទាំងនោះ ភាគច្រើនត្រូវបានរងនូវការគម្រាមកំហែង ការធ្វើទារុណកម្ម ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការបង្អត់អាហារ និងបានចាត់ទុកស្រ្តីទាំងនោះជាទាសករជាដើម។
ក្នុងសន្និសីទសារព័ត៌មានដដែលនោះ របស់លោក អ៊ិន គារ អគ្គលេខាធិការសមាគមអាដហុក បានបញ្ជាក់បន្ថែមថា ជនរងគ្រោះភាគច្រើនចាញ់បោក«មេខ្យល់» ដោយរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស (ចិន)។ លោកបានឲ្យដឹងទៀតថា ក្រោយពីបានចូលទៅដល់ទឹកដីប្រទេសចិន ពួកគេរស់នៅជាមួយនឹងការធ្វើទារុណកម្មទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ។ មិនតែប៉ុណ្ណោះពួកគេ (ស្រ្តីរងគ្រោះ) ថែមទាំងត្រូវបានបង្អត់អាហារ និងការបង្ខំឲ្យធ្វើការផ្ទះដូច«ទាសករ»។
ស្រ្តីដែលជាជនរងគ្រោះ បានធ្វើការអំពាវនាវទៅកាន់ស្ត្រីខ្មែរទាំងអស់ថា៖ «សូមឲ្យនារីខ្មែរទាំងអស់ កុំទៅឲ្យសោះ ប្រទេសចិន កុំទៅដាច់ខាត គឺវេទនាណាស់។ សូមស្រ្តីខ្មែរប្រយ័ត្ន កុំឲ្យចាញ់បោកមេខ្យល់ តាមការរៀបអាពាហ៍ពិពាហ៍ជាមួយប្តីជនជាតិចិន។» តែសេចក្ដីអំពាវនាវនេះ មិនមែនជាលើកទីមួយទេ ហើយវាពិបាកនឹងធ្វើឲ្យមានប្រសិទ្ធិភាព និងមានការជ្រួតជ្រាប ទៅដល់ស្ត្រីខ្មែរជាច្រើន ដែលមានជីវភាពគ្រួសារតូចទាប ក្រខ្សត់ និងស្ថិតនៅតំបន់ដាច់ស្រយាល។ ហើយករណីនេះ លោក អ៊ិន គារ បានថ្លែងអះអាងថា សមាគមអាដហុក បានធ្វើអន្តរាគមន៍ ទៅតាមស្ថានប័នពាក់ព័ន្ធនានា ដែលរួមមាន ក្រសួងការបរទេសកម្ពុជា ក្រសួងការងារ ក្រសួងមហាផ្ទៃ ស្ថានទូត/ស្ថានកុងស៊ុលនានា ដើម្បីឲ្យជួយចាត់វិធានការ។
ប៉ុន្តែមិនខុសពីលើកមុនៗទេ មន្រ្តីនៃក្រសួងការបរទេស ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជាវិញ ក៏បានស្នើឲ្យជនរងគ្រោះទាំងអស់ ឬគ្រួសារនៃជនរងគ្រោះទាំងនោះ ត្រូវមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ មកស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការ ក្នុងការវែកមុខ ឬស្វែងរកការចាប់ខ្លួន«មេខ្យល់»ទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕