អ៊ី វ៉ា ប្រតិកម្មចំពោះការចុះផ្សាយ ពីឪពុកប្រើហិង្សាលើជីដូនខាងម្ដាយ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៩ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្មីៗនេះព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា លោក អ៊ូ ចន្ថា ដែលគេស្គាល់ថាជាឪពុករបស់នាងអ៊ីវ៉ា តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មសាន់ដេ បានប្រើអំពើហិង្សា ទៅលើជីដូនខាងម្តាយរបស់នាង បានធ្វើតារាចម្រៀងរាងតូចច្រឡឹងរូបនេះ ផ្ទុះកំហឹងចេញមកតែម្តង រហូតដល់ទម្លាយ ការបដិសេធចំពោះបញ្ហាឪពុករបស់នាង នៅលើបណ្តាញហ្វេសប៊ុក។
អ្នកចម្រៀង អ៊ីវ៉ា របស់ផលិតកម្មសាន់ដេ។ (រូបថតហ្វេសប៊ុក)
តារា - «ខឹងៗៗៗ ខ្លាំងណាស់ ម៉េចចចុះអ្វីដែលមិនពិត» នេះជាប្រតិកម្មភ្លាមៗ របស់តារាចម្រៀងផលិតកម្មសាន់ដេ នាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បន្ទាប់ពីសារព័តមានក្នុងស្រុមមួយចំនួន បានចុះផ្សាយថា ឪពុករបស់នាងលោកអ៊ូ ចន្ថា បានប្រើអំពើហឹង្សា លើម្ដាយក្មេកខ្លួនឯង ឈ្មោះ សួង តុំ ដោយសារពុំព្រមស្តីដណ្តឹងប្រពន្ធថ្មីឱ្យ។
ក្នុងពេលថ្មីនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថា លោក អ៊ូ ចន្ថា អាយុ៤៨ឆ្នាំ ដែលជាឪពុករបស់អ៊ីវ៉ា បានយកពិលដែលមានប្រដាប់ឆក់ វាយលើម្ដាយក្មេកខ្លួនឯង ឈ្មោះ សួង តុំ វ័យ៧២ឆ្នាំ ម្ដងហើយម្ដងទៀត រហូតក្លាយជាជម្លោះរីកធំផ្អើលភូមិ ព្រោះតែខឹងម្ដាយក្មេក ជំទាស់មិនឱ្យយកប្រពន្ធថ្មី។ ជម្លោះចុងក្រោយរវាងអ្នកទាំងពីរ បានក្លាយជាអំពើហិង្សា រហូតមានអន្តរាគមន៍ពីអ្នកជិតខាង និងឈានដល់ការចាប់ខ្លួន ឈ្មោះ អ៊ូ ចន្ថា ជាឪពុករបស់នាង ទៅកាន់ប៉ុស្តិ៍ប៉ូលិស ក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមរយៈទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Eva Sunday Eva (ឃីន ស្រីនាថ) ដែលគេជឿថា ជាទំព័ររបស់នាងនោះ តារាចម្រៀងរូបនេះបានសរសេរថា៖ «សូមផ្ដាំទៅបងៗការសែតផង..... សូមចុះអ្វីដែលពិត»។ ព្រមជាមួយពាក្យពេជន៍ទាំងនេះ ម្ចាស់បទ«បងពីមុនបាត់ទៅណា»រូបនេះ បានបង្ហោះរូបភាពដែលបង្ហាញពីការបដិសេធ ទៅលើអ្វីដែលបានចុះផ្សាយថា៖ «នាងខ្ញុំអ៊ីវ៉ា សូមបដិសេធចំពោះរឿងព័ត៌មាន ដែលបានចុះផ្សាយថា ឪពុករបស់ខ្ញុំ ខឹងម្តាយក្មេក មិនដណ្តឹងប្រពន្ធឲ្យ ដេញវាយផ្អើលភូមិ មិនមែនជាការពិតនោះទេ សូមបងប្អូនទាំងអស់ កុំមានការភ័ន្ត ច្រឡំឱ្យសោះ»។
បើទោះបីជាមានការបដិសេធពីកញ្ញាអ៊ីវ៉ា យ៉ាងណាក៏ដោយ អ្នកយកព័ត៌មានដែលបានរាយការណ៍នោះ នៅតែអះអាងដដែលថា បើចង់ដឹងថា នោះជារឿងយល់ច្រឡំឬពិត អាចទៅឆែកកំណត់ហេតុពីមន្ត្រីអាជ្ញាធរ ដែលរស់នៅទីនោះបាន ត្បិតថាជនបង្កហេតុពិតជាឈ្មោះ អ៊ូ ចន្ថា រីឯអ្នករងគ្រោះពិតជាឈ្មោះ សួង តុំ ដែលអ្នកភូមិអ្នកណាក៏ដឹងថាជាឪពុក និងជាយាយខាងម្ដាយរបស់អ៊ីវ៉ាប្រាកដមែន។
កាលពីអំឡុងចុងឆ្នាំ២០១៣ ម្តាយបង្កើតរបស់ កញ្ញា ឃីន ស្រីនាថ បានទទួលមរណភាព ដោយសារជំងឺ ដែលធ្វើឱ្យតារាចម្រៀង ល្បីគួរសមក្នុងពិភពសិល្បៈរូបនេះ ឃ្លាតឆ្ងាយពីសិល្បៈ មួយរយៈ។ ប៉ុន្តែមរណភាពរបស់ម្តាយ មិនទាន់បានមួយឆ្នាំស្រួលបួលផង ស្រាប់តែផ្ទុះព័ត៌មានថា ឪពុករបស់នាងមានជម្លោះ មិនចុះសម្រុង ជាមួយម្តាយក្មេក ព្រោះតែម្តាយក្មេកមិនព្រមទៅស្តីដណ្តឹង ប្រពន្ធថ្មីឱ្យ៕