កឹម គុណវឌ្ឍ ស្ម័គ្រលាលែង ឬគេកំហិតឲ្យចេញ?
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីមូលហេតុពិតប្រាកដ នៅពីក្រោយការលាលែងពីតំណែងដ៏កម្ររបស់មន្រ្តីកម្ពុជាថ្នាក់អគ្គនាយកដ្ឋាន គឺលោកកឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។ គេមានការសង្ស័យ ទំនងជាជាប់ពាក់ព័ន្ធនឹងសម្ពាធនយោបាយ និងភាពមិនចុះសម្រុងគ្នា ក្នុងប្រព័ន្ធការងារ។
លោក កឹម គុណវឌ្ឍ បន្ទាប់ពីលោកបោះឆ្នោតរួច នៅខែកក្កដា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)
មុខតំណែង- ក្រោយពីចាកចេញពីតំណែងយ៉ាងតក់ក្រហល់ រហូតមកទល់ពេលនេះ សាមីខ្លួនផ្ទាល់លោក កឹម គុណវឌ្ឍ អតីតអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មិនបានបំភ្លឺមូលហេតុពិតប្រាកដ ជុំវិញការចាកចេញពីមុខតំណែងដ៏ខ្លឹមនេះ នោះទេ តែលោកបានបង្ហើបតាមរបៀបចុងមាត់ចុងក ដល់ប្រព័ន្ធសារព័ត៌មាន ក្នុងស្រុកថា «សូមទុកឲ្យខ្ញុំនៅស្ងៀមស្ងាត់ទៅ» ហើយលោកក៏បានបង្វែរចម្ងល់ ឲ្យទៅសួរលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន តាមរយៈថ្លែងការណ៍រួមចុះថ្ងៃទី២១ ខែឧសភាបានលើកឡើងថា ការចុះចេញពីតំណែងរបស់លោកកឹម គុណវឌ្ឍ កើតឡើងតែ ប៉ុន្មានថ្ងៃ ក្រោយពីទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយនូវសារនយោបាយរបស់គណបក្សសង្គ្រោះជាតិ អមដោយរូបភាពការបង្ក្រាបលើក្រុមអ្នកតវ៉ា ពីសំណាក់រដ្ឋាភិបាល ដែលនាំឲ្យមានការសង្ស័យយ៉ាងខ្លាំង និង ហាក់បង្ហាញពីការជំរុញផ្នែកនយោបាយ នៅពីក្រោយការចាកចេញពីតំណែងនេះ។
តែសម្រាប់លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែឧសភានេះ បានអត្ថាធិប្បាយ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «នៅសុខៗឃើញអង្គការមួយចេញ (ផ្សាយ) ថា គុណវឌ្ឍ ត្រូវដកពីតំណែងព្រោះផ្សាយពី បក្សប្រឆាំង ។ ចុះយ៉ាប់អី យ៉ាប់យ៉ាងហ្នឹង ? បើគុណវឌ្ឍ មិនផ្សាយបានត្រូវដក នេះបើកុំតែព័ទ្ធវ៉ៃអ្នកថតទូរទស្សន៍ ទទក បែបផ្សាយច្រើនជាងហ្នឹងផង។ គុណវឌ្ឍ សូមលាលែងពីអគ្គនាយកទូរទស្សន៍ តែគាត់នៅជាប្រតិភូរាជរដ្ឋាភិបាល (ថានៈស្មើរដ្ឋលេខាធិការ) ទទួល (បន្ទុក) ទទក ទេតើ។»
គួរកត់សម្គាល់ថា កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា កន្លងមក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងពីការ លាលែងចេញពីដំណែងជាអគ្គនាយក ទទក របស់លោក កឹម គុណវឌ្ឍ ខណៈលោកប៉ាង ណាត ត្រូវបានតែងតាំងជាអគ្គនាយកស្តីទី ប៉ុន្តែលោកខៀវ កាញារីទ្ធ មិនបានបញ្ជាក់អំពីមូលហេតុ នៃការលាលែងដ៏គួរឲ្យភ្ញាក់ផ្អើលនេះទេ។
ការលាលែងពីតំណែងរបស់លោក កឹម គុណវឌ្ឍ ត្រូវបានគេកត់សម្គាល់ឃើញថា កើតឡើងភ្លាមៗក្រោយពីទូរទស្សន៍ជាតិកម្ពុជា អាក់ខានការផ្សាយផ្ទាល់ ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល។ ទន្ទឹមនឹងការខកខានការផ្សាយផ្ទាល់ ក្រសួងព័ត៌មានភ្លាមៗ ក៏បានចេញផ្សាយសេចក្តីប្រកាសព័ត៌មាន ដោយពន្យល់ថា បណ្តាលមកពីការខ្វះទំនាក់ទំនងព័ត៌មាន និងខ្សែសង្វាក់ការងារបានល្អ។
បើទោះជាមូលហេតុពិតប្រាកដ នៅពីក្រោយការលាលែងរបស់លោក កឹម គុណវឌ្ឍ មិនទាន់ត្រូវបានទម្លាយជាសាធារណៈក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួនក្នុងសង្គម បានឲ្យតម្លៃរួចជាស្រេច ដល់លោកកឹម គុណវឌ្ឍ ដែលមានការទទួលខុសត្រូវ ហ៊ានចាកចេញពីមុខតំណែង ត្រឹមកាលៈទេសៈ ភាពមិនប្រក្រតីការងារ។
តែគេនៅតែមានមន្ទិលសង្ស័យនៅឡើយ ព្រោះមន្រ្តីកម្ពុជាកម្រចាកចេញពីមុខតំណែងគ្រាក់ៗ ដោយស្ម័គ្រចិត្ត ជាទីបំផុត បើទោះជាពួកគេជាប់ជំពាក់នឹងរឿងអាស្រូវ ពុករលួយ រំលោភអំណាច វិសមិតភាពការងារ អសមត្ថភាព ឬធ្វេសប្រហែលក្នុងការងារ បង្កឲ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរ មានករណីរត់ជាន់គ្នានៅកោះពេជ្រ ជាដើមនោះ៕