ស្ពតផ្សាយភាយន្ដ ស្ដីពីយន្ដហោះបាត់ខ្លួន បង្កឲ្យមានសង្គ្រាមសម្ដី
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពយន្ដឥណ្ឌាមួយ ដែលនឹងនិយាយពីការបាត់ខ្លួន យ៉ាងអាថ៌កំបាំងកាលពីដើមខែមីនាកន្លងទៅ របស់យន្ដហោះប៊ូអីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានផ្សាយជាលើកដំបូង នូវស្ពតផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងឱកាសមហោស្រពភាពយន្ដ នៅទីក្រុងកានប្រទេសបារាំង។ ការចេញផ្សាយត្រឹមតែជាស្ពតពាណិជ្ជកម្ម មិនទាន់គ្រោងនឹងចេញបញ្ចាំងនៅរោងផង តែសង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងជាហូរហែររួចជាស្រេច។
ឈុតមួយនៅក្នុងភាពយន្ដ ដែលផ្តិតចេញពីស្ពតពាណិជ្ជកម្ម។
បាត់យន្ដហោះ - ៦សប្ដាហ៍កន្លងទៅ បន្ទាប់ពីការធ្លាក់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ MH 370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានីប៉េកាំង ប៉ុន្តែសោកនាដកម្មដ៏ជូរចត់នេះ នៅតែត្រូវបានគេយកចិត្តទុកដាក់ យ៉ាងសន្ធោសន្ធៅនៅឡើយ។ ជាពិសេសនៅបន្ទាប់ពីខ្សែភាពយន្ដ របស់សមិទ្ធិការជាតិឥណ្ឌាមួយរូប លោក រូប៉េស ផូល (Rupesh Paul) ត្រូវបានផលិតឡើង ហើយកំពុងត្រៀមនឹងចេញបញ្ចាំងនៅតាមរោង។
ខ្សែភាពយន្ដបានចេញផ្សាយដំបូង នូវស្ពតផ្សាយពាណិជ្ជកម្មមួយ និងត្រូវបានសមិទ្ធិករភាពយន្ដខ្លួនឯង យកមកបង្ហាញនៅមហោស្រពភាពយន្ដ នាទីក្រុងកាន ប្រទេសបារាំងនោះផង។ លោក រូប៉េស ផូល ដែលកន្លងត្រូវបានស្គាល់ នៅក្នុងភាពយន្ដវិធីសាស្ត្ររួមភេទឥណ្ឌា Kamasutra ប្រភេទ 3D ឬនៅក្នុងភាពយន្ដបីសាចជញ្ជាក់ឈាមនោះ បាននិយាយថា លោកចង់បង្ហាញពីនាទីចុងក្រោយ របស់អ្នកដំណើរទាំង២៣៩នាក់ ដែលនៅលើយន្ដហោះបាត់ខ្លួន។
ផលិតចេញជាភាពយន្ដ ខណៈការស៊ើបអង្កេតនៅមិនទាន់ដឹងពីអ្វីនៅឡើយ....
នៅក្នុងស្ពតពាណិជ្ជកម្មផ្សាយភាពយន្ដ ក៏ដូចជាសមិទ្ធិករភាពយន្ដខ្លួនលោកផ្ទាល់ បាននិយាយថា ស្នេហាត្រីកោន ទំនងជាមូលហេតុដែលឈានទៅដល់ ហេតុការណ៍ដ៏រន្ធត់នេះ។ ប៉ុន្តែការលើកឡើងពីសាច់រឿងបែបនេះ មិនបានទុកឲ្យបណ្ដាជនទូទៅ ដែលតាមដានការបាត់ខ្លួនរបស់យន្ដហោះប៉ូអីង បាត់មាត់ស្ថាត់សម្លេងមិនធ្វើប្រតិកម្មនោះឡើយ ព្រោះថា ការស៊ើបអង្កេត ទាក់ទងនឹងមូលហេតុនៃការបាត់យន្ដហោះ មិនទាន់បានឈានទៅដល់ ការធ្វើសេចក្ដីសន្និដ្ឋានណាមួយទេ។
យ៉ាងណាក៏ដោយ លោក រូប៉េស ផូល នៅតែចេញមកការពារខ្លួនថា៖ «ទស្សនិកជនមិនទិញសំបុត្រ ចូលទស្សនាភាពយន្ដឯកសារនោះទេ តែគេចង់មើលពីសាច់រឿង ដ៏រំជើបរំជួលណាមួយ។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើភាពយន្ដមួយ ដែលគ្មាននរណាចូលចិត្ត?»
លោកនិយាយទៀតថា៖ «នេះជាការសង្ស័យមួយ ដែលអាចនឹងជួយយើងបាន នៅក្នុងការស៊ើបអង្កេត។ ប៉ុន្តែយើងមិនធ្វើអាជីវកម្ម ទៅលើការបាត់ខ្លួនរបស់យន្ដហោះនេះទេ។» ភាពយន្ដនេះនឹងគ្រោងដាក់បញ្ចាំងនៅតាមរោង នៅរដូវស្លឹកឈើជ្រុះខាងមុខ (រវាងខែសីហា ទៅខែវិច្ឆិការ)។ ហើយបើតាមការស្ទង់មតិ នៅទ្វីបអាស៊ីជាពិសេសនៅប្រទេសម៉ាឡេស៊ី ទំនងជាចាប់អារម្មណ៍ខ្លាំងនឹងសាច់រឿងនេះ៕
សូមទស្សនាស្ពតភាពយន្ដ៖