សង្គម​ស៊ីវិល​ចំនួន​៣៤ ស្នើ​សុំ​ជា​ថ្មី ឲ្យ​រដ្ឋសភា​ពន្យា​ពេល​ពិភាក្សា​ច្បាប់

ក្រុមអង្គការសង្គមស៊ីវិល សហជីព ចំនួន៣៤ បានមកជួបជុំគ្នាកាលពីថ្ងៃទី១៥ ខែឧសភា ម្សិលម៉ិញនេះ ដើម្បីស្នើ​ឲ្យ​រដ្ឋសភាជាតិ ធ្វើការ«ពន្យា»ពេលពីភាគ្សា ជាថ្មីម្តងទៀត ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ ស្តីពី​លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលរដ្ឋសភាជាតិ គ្រោងនឹងបើកសម័យប្រជុំពិភាក្សា នាថ្ងៃទី២០ ខែឧសភា ខាង​មុខនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអង្គការសង្គមស៊ីវិល សហជីព ចំនួន៣៤ បានមកជួបជុំគ្នាកាលពីថ្ងៃទី១៥ ខែឧសភា ម្សិលម៉ិញនេះ ដើម្បីស្នើ​ឲ្យ​រដ្ឋសភាជាតិ ធ្វើការ«ពន្យា»ពេលពីភាគ្សា ជាថ្មីម្តងទៀត ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ ស្តីពី​លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលរដ្ឋសភាជាតិ គ្រោងនឹងបើកសម័យប្រជុំពិភាក្សា នាថ្ងៃទី២០ ខែឧសភា ខាង​មុខនេះ។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

--------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤
--------------------------------------

ការព្រាងច្បាប់តុលាការ - ក្នុងថ្ងៃទី១៦ ខែឧសភានេះ ក្រុមអង្គការសង្គមស៊ីវិល ទាំង៣៤ទាំងនោះ បានរួមគ្នា​ចេញ​នូវសេចក្តីថ្លែងការណ៍ជាថ្មី ដោយបន្តការស្នើសុំរបស់ខ្លួន ក្នុងការព្យាពេលនៃការដាក់ឲ្យមានកិច្ចពិភាក្សា ឬអនុម័ត​ច្បាប់ទាំងបីនេះដោយរដ្ឋសភា។ សុំពន្យាពេល ដោយក្រុមអង្គការសង្គមស៊ីវិលទាំងនោះយល់ឃើញថា សេចក្តី​ព្រាង​ច្បាប់ទាំងបីនៅមិនទាន់បាន៖ «ផ្សព្វផ្សាយជាសាធារណៈជាមុន» និងព្រមទាំងពុំបានបើក​ឲ្យមានកិច្ចពិគ្រោះ​យោបល់​ជាចំហរ និងទូលំទូលាយជាមួយអង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធនៅឡើយ។

លោក នី ចាន់ឌី នាយកបច្ចេកទេសច្បាប់ នៅអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា បានរិះគន់ទៅលើសេចក្តីព្រាងច្បាប់​ទាំងបីនោះថា កំពុងតែបង្រួមអំណាចទាំងបី ដោយអនុញ្ញាតឲ្យអង្គការនីតិប្រតិបត្តិ ចូលលូកលាន់ ដឹងលឺ និងចាត់​ចែងការងាររបស់អង្គការតុលាការ។ លោកបានបន្ថែមថា ក្នុងសេចក្តីព្រាងច្បាប់ថ្មីនោះ បានអនុញាតឲ្យរដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ ដែលជាសេនាធិការឲ្យរដ្ឋាភិបាលនោះ មានតួនាទីច្រើនក្នុងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានទួនាទី​ជារដ្ឋបាលផង តួនាទីជាអ្នកបច្ចេកទេសផង និងតួនាទីក្នុងការសម្រេចពីជោគវាសនារបស់ចៅក្រម និងព្រះរាជអាជ្ញា​ផង។

លោកបានចាត់ទុកថា ការផ្តល់អំណាចច្រើនទៅឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ គឺមិនអាចធានាភាព«ឯករាជ្យ»​របស់​ស្ថាប័នតុលាការបានទេ។ ព្រោះថាចៅក្រម និងព្រះរាជអាជ្ញានោះ មិនអាចប្រើប្រាស់នូវអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ឲ្យមានប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋបានឡើយ។ យ៉ាងណាក៏ដោយទាំងព្រះរាជអាជ្ញា និងចៅក្រម មុន​នឹងសម្រេចអ្វី ត្រូវតែមើល ឬទុកមុខឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិន បើទោះរឿងនោះខុស ឬត្រូវក៏ដោយ។

លោកបានលើកឡើងពាក់ព័ន្ធ នឹងការស្នើឲ្យរដ្ឋសភា ពន្យាពេលក្នុងការពិភាក្សា និងអនុម័តច្បាប់ទាំងបីនេះ ដោយ​លោកសំអាងហេតុផលថា រដ្ឋសភាជាសភាតំណាងរាស្រ្ត តំណាងឲ្យពលរដ្ឋ ដូច្នេះគួតែស្តាប់ និងទទួលយក​សំណូម​ពរ​ពីពលរដ្ឋ ព្រោះពួកគាត់កើតចេញពីការបោះឆ្នោតដោយពលរដ្ឋ។

លើកឡើងមិនខុសគ្នានេះ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្ស និងជាមេធាវីតំបន់ នៃសមាគមការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) បានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងនេះមិនអាចធ្វើដោយ«ខ្ជីខ្ជា»បានទេ។ លោកបានបន្តថា ច្បាប់នានាជាច្រើនដែលមានកន្លងមក រដ្ឋសភា បានធ្វើការពិភាក្សាជាមួយអង្គការសង្គមស៊ីវិល​បាន​ច្រើន ដូច្នេះសេចក្តីព្រាងច្បាប់ទាំងបីនេះ លោកចង់ឲ្យមានការពិភាក្សាជាមួយអង្គការសង្គមស៊ីវិល ឲ្យបានដូច​ច្បាប់​មុនៗសិន។ លោកបានចាត់ទុកថា ការពិភាក្សាជាមួយអង្គការសង្គមស៊ីវិល វាអាចផ្តល់នូវផលប្រយោជន៍​ច្រើនទៅ​ឲ្យ​រដ្ឋាភិបាល៖ ទទួលបានទាំងមតិយោបល់ និងអាចធ្វើឲ្យច្បាប់នោះមាននូវសុក្រឹតភាព និងភាពល្អប្រសើរច្រើនឡើង។

ជាងនេះទៅទៀត មន្ត្រីរបស់សមាគមអាដហុក រូបនេះ ចង់ឲ្យមានការផ្តល់អំណាចឲ្យបានច្រើទៅដល់ចៅក្រម ឬ​ព្រះ​រាជអាជ្ញា ជៀសជាងផ្តល់អំណាចច្រើនទៅឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឬមន្ត្រីតំណាងឲ្យក្រសួងយុត្តិធម។ លោកបាន​ធ្វើការពន្យល់ដូច្នេះថា «ការផ្តល់អំណាចឲ្យអង្គតុលាការ និងអង្គអយ្យការបានច្រើន ព្រោះអង្គទាំងពីរនេះ និងឧត្តម​ក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកផ្តល់នូវយុត្តិធម៌ដល់ប្រជារាស្រ្តទូទៅ ក៏ដូចជាមន្រ្តីអនុវត្តច្បាប់​ផ្សេងៗដែលមាន​ទំនាស់ក្នុងការងារ។»

សង្គមស៊ីវិលក៏ជាពលរដ្ឋ ...

កាលពីថ្ងៃទីទី៤ ខែមីនា ឆ្នាំ២០១៤ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងពាក់ព័ន្ធ​នឹងការឲ្យ«អនុម័ត»នូវសេចក្តីព្រាងច្បាប់តុលាការទាំងបីខាងលើនេះថា ដើម្បីធានាឲ្យបាននូវឯករាជ្យភាព​របស់​តុលាការ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា សេចក្តីព្រាងច្បាប់ទាំងបី ត្រូវបានឆ្លងការប្រជុំអន្តរក្រសួង​ចប់​ហើយ ទើប​បញ្ជូនមកអង្គប្រជុំគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត មុននឹងដាក់ឲ្យប្រើប្រាស់ក្នុងឆមាសទីមួយ ឆ្នាំ២០១៤នេះ។

លោក ហ៊ុន សែន ធ្លាប់ថ្លែងជាសាធារណៈទៀតថា តាមគោលការណ៍ច្បាប់ គ្រប់អង្គការសង្គមស៊ីវិលទាំងអស់ គ្មាន​សិទ្ធិលូកលាន់ ឬជ្រៀតជ្រែកទៅនឹងការបង្កើតច្បាប់របស់រាជរដ្ឋាភិបាល និងរដ្ឋសភានោះទេ។ ការលើកឡើងនេះ លោកនី ចាន់ឌី បានប្រតិកម្មតបវិញថា សង្គមស៊ីវិលក៏ជាពលរដ្ឋដែរ។ សង្គមស៊ីវិលកើតឡើងដោយការប្រមូលផ្តុំ​ដោយបញ្ញវ័ន្ត និងពីអ្នកចេះដឹង មានជំនាញផ្នែកច្បាប់ជាច្រើន។ លោកបន្តថា សភា គួតែជជែកពិភាគ្សាជាមួយ​ពលរដ្ឋ​សិន ថាតើត្រូវទុកចំណុចណា និងត្រូវកែប្រែចំណុចណា?។ «សភាដែលជាតំណាងផ្ទាល់របស់ពលរដ្ឋ ត្រូវ​ពិភាក្សាគ្នាឲ្យបានច្រើនជាមួយពលរដ្ឋ ជាងរដ្ឋាភិបាល»។

អង្គការសង្គមស៊ីវិលមួយចំនួន បានបង្ហាញនូវការព្រួយបារម្មណ៍ចំពោះ«ខ្លឹមសារ»មួយចំនួន ដែលជាបទប្បញ្ញត្តិ​ក្នុង​សេចក្តីព្រាង«ច្បាប់គ្រឺះ»ទាំងបីពាក់ព័ន្ធនឹងតុលាការនេះ ថាអាចប៉ះពាល់ដល់អំណាចឯករាជ្យរបស់តុលាការ ដែល​បានធានាដោយរដ្ឋធម្មនុញ្ញមាត្រា១២៨ ច្បាប់អន្តរជាតិ គោលការណ៍មូលដ្ឋានរបស់អង្គការសហប្រជាជាតិ​ស្តីពី​ឯករាជ្យ​ភាពរបស់តុលាការ និងកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាដើម។

សូមរំលឹកថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤កន្លងមក  សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ស្នើឲ្យមានការពន្យាពេល ក្នុងការអនុម័តច្បាប់ទាំងបីនេះម្តងរួចមកហើយ ដោយសំអាងថា ច្បាប់នេះ នៅមិនទាន់ត្រូវបាន​ពិនិត្យគ្រប់គ្រាន់។ មជ្ឈមណ្ឌលមួយនេះ បានអះអាងថា រដ្ឋសភាសព្វថ្ងៃ មិនបាន​ឆ្លុះ​បញ្ចាំងពីឆន្ទៈពលរដ្ឋទាំងស្រុងនោះទេ ដោយសារតែតំណាងរាស្ត្រជាប់ឆ្នោត មួយចំហៀងទៀតរបស់គណបក្ស​សង្គ្រោះជាតិ នៅតែធ្វើពហិការមិនចូលរួមប្រជុំនោះនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...