យុទ្ធនាការរកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា របស់CTN-MyTV បានបញ្ចប់
ទឹកប្រាក់ ជាង ២៥ ម៉ឺនដុល្លារ ត្រូវបានសប្បុរសជនដែលមានសមានចិត្ត ជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងតែមានភាពខ្វះខាត តាមរយៈយុទ្ធនាការប្រមូល មូលនិធិរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន និង ម៉ាយធីវី។ បើទោះបីយុទ្ធការនេះបានបញ្ចប់ហើយក៏ដោយ តែសប្បុរសជននានានៅតែអាចឧបត្ថម្ភបាន ដោយយកទៅឲ្យមន្ទីពេទ្យផ្ទាល់តែម្ដង។
លោក ព្រាប សុវត្ថ នៅក្នុងការប្រគុំតន្ត្រី នៃកម្មវិធីសប្បុរសធម៌ នៃស្ថានីយ៍ទូរទស្សន៍ CTN-MyTV។ (រូបថតហ្វេសប៊ុក)
---------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១៦ ឧសភា ២០១៤
---------------------------------------------
សប្បុរសធម៌ - អស់រយៈពេលជិត ២ ខែ មកនេះ ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន និង ម៉ាយធីវី បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដើម្បីស្វែងរកមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផា។ ការបើកយុទ្ធនាការរបស់ ស៊ីធីអ៊ិន និង ម៉ាយធីវី ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្ដើមតាំងពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៤ និងបានបបញ្ចប់ទៅវិញហើយកាលពីយប់មិញនេះ។
ថ្ងៃបញ្ចប់នៃយុទ្ធនាសប្បុរសធម៌មួយនេះ ស៊ីធីអ៊ិន និង ម៉ាយធីវី បានរៀបចំការប្រគំតន្ត្រីដ៏ធំមួយ នៅមហោស្រពចេនឡា ដោយមានការចូលរួមពីតារាល្បីៗមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដូចជាកំពូលតារាចម្រៀងដ៏ល្បីលោក ព្រាប សុវត្តិ កញ្ញា សុគន្ធ នីសា លោក ខេម លោក ណូយ វ៉ាន់ណេត អ្នកស្រី ហ៊ឹម ស៊ីវន កំប្លែងក្រុមនាយពែកមី រួមទាំងតារាសម្តែងរបស់ហ្វីលីពីនបីរូបទៀត។
ទឹកប្រាក់បណ្ដោះអាសន្ន ចំនួន ២៥២១៧៧ដុល្លា (ម្ភៃប្រាំម៉ឺន ពីរពាន់មួយរយចិតសិបប្រាំពីរ ដុល្លារអាមេរិក) ត្រូវបានសប្បុរសជនមកពីគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន និង ម៉ាយធីវីដែលបានធ្វើយុទ្ធនាការប្រមូលមូលនិធិសប្បុរសនេះ។ នេះបើតាមការប្រកាសរបស់ពិធីករលោក អ៊ិត សេដ្ឋា ក្រោយពីបញ្ចប់ការប្រគំតន្ត្រីកាលពីយប់ថ្ងៃទី១៥ ខែឧសភា។
ខណៈពេលដែលលោកចូលរួមច្រៀង និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២លានរៀលទៅក្នុងមូលនិធិសប្បុរសធម៌មន្ទីពេទ្យគន្ធបុប្ផា និងចំនួន២លានរៀលទៀត ទៅកាកបាទក្រហមនោះ តារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្តិ បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងមួយថ្ងៃមន្ទីពេទ្យគន្ធបុប្ផា ដែលមាន៥សាខានៅក្នុងប្រទេសកម្ពុជា បានចំណាយមិនតិចជាង១០ម៉ឺនដុល្លានោះឡើយ។ ដូច្នេះការជួយឧបត្ថម្ភនូវថវិកា របស់សប្បុរសជន គឺជាការបន្តនិរន្តរភាពមួយ និងជាការជួយយ៉ាងធំធេងសម្រាប់កុមារកម្ពុជា ហើយវាក៏ជាវប្បធម៌មួយនៃការចែករំលែកផងដែរ។
តារាចម្រៀងជួរមុខ របស់ផលិតកម្មហង្សមាសរូបនេះ បានសរសេរថ្លែងនៅលើទំព័រហ្វេសរបស់ខ្លួន យ៉ាងដូច្នេះទៀតថា៖ «តន្រី្តសប្បុរសធម៌ ក្តីសង្ឃឹមនៃអនាគតយើងទាំងអស់គ្នា ជួយដល់មន្ទីរពេទ្យគន្ឋបុប្ផា។ កុមារគឺជាផ្នែកមួយសំខាន់សំរាប់សង្គម ហើយក៏យើងមិនអាចធ្វើមិនដឹងមិនលឺ នូវអ្វីដែលពួកគាត់ត្រូវការដែរ ការជួយនៅក្នុងពេលនេះ គឺជាស្រទាប់មួយនៃការផ្តល់សង្ឃឹមទៅដល់ពួកគាត់ ហើយក៏ខ្ញុំសប្បាយចិត្តក្នុងការបរិច្ចាគប្រាក់កាសរបស់ខ្ញុំ ជួយទៅដល់មន្ទីរពេទ្យគន្ឋបុប្ផានិងកាកបាទក្រហម។ ទាំងនេះគឺជាការចែករំលែកទៅដល់កុមារទាំងឡាយ និងមន្ទីរពេទ្យដែលកំពុងដង្ហោយរកការជួយ។»៕