កែម ឡី៖ សមិទ្ធិផល​ថ្មី​ធំៗ​ទាំង​៥ របស់​រដ្ឋាភិបាល​អាណត្តិ​ទី៥

នៅក្នុងរយៈពេលជាង៧ខែ នៃការប្រកាសខ្លួនជាថ្មី ឡើងមកកាន់អំណាចនៅអាណត្តិទីប្រាំនេះ រដ្ឋាភិបាលដែល​ដឹក​នាំដោយលោក ហ៊ុន សែន តែងបានធ្វើឲ្យឃើញនិងដឹងថា ខ្លួនកំពុងធ្វើការកែទម្រង់ និងនាំនាវាកម្ពុជាឆ្ពោះ​ទៅ​មុខ ដើម្បីទាក់ទាញទំនុកចិត្តរបស់ពលរដ្ឋឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលដែលចេញគណបក្សប្រជាជនកម្ពុជា បានបាត់​បង់​សម្លេងឆ្នោតយ៉ាងសន្ធឹកសន្ធាប់នោះមក។ សម្រាប់សមិទ្ធិផលថ្មីៗ និងធំៗ ដែលរដ្ឋាភិបាលអាណត្តិថ្មីនេះ ទើបនឹង​សម្រេចនោះ ត្រូវបានលោក កែម ឡី លើកមកបកស្រាយថា មានចំនួនប្រាំ។
កែម ឡី៖ សមិទ្ធិផល​ថ្មី​ធំៗ​ទាំង​៥ របស់​រដ្ឋាភិបាល​អាណត្តិ​ទី៥
លោក ហ៊ុន សែន នៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មេសា ២០១៤
  • កែប្រែចុងក្រោយ: May 14, 2014
  • ប្រធានបទ: ដើមអាណត្តិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមិទ្ធិផលដើមអាណត្តិ - អ្នកវិភាគឯករាជ្យ លើបញ្ហាសង្គមដ៏ល្បីឈ្មោះ លោក កែម ឡី បានថ្លែងនៅក្នុងនាទី​វេទិការ​អ្នកស្ដាប់របស់វិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយមនុស្សដដែល លោក ហ៊ុន សែន នេះ បាន​សម្រេចបាននូវសមិទ្ធិផលថ្មីៗ និងធំៗ ចំនួនប្រាំ បន្ទាប់ពីគេឃើញការប្ដេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាល ក្នុង​ការ​កែ​ទម្រង់ និងការផ្លាស់ប្ដូរសមាសភាព រដ្ឋាភិបាលនោះ។ សមិទ្ធិផលទាំងនោះ រួមមាន៖

១- រដ្ឋាភិបាលបានសម្លាប់ យុវជនស្លូតត្រង់ប្រាំនាក់  ចាប់ខ្លួនជាង៣០នាក់ជាង ហើយសម្រេចដាក់ពន្ធនាគារ ២៣​នាក់។ តួលេខនេះ ទំនងជាលោកកែម ឡី និយាយសំដៅទៅលើការបង្ក្រាប់បាតុកម្ម កាលពីដើមខែមករាកន្លងមក ដែលបានបង្កឲ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់ក្រុមឃ្លាំមើលសិទ្ធិមនុស្ស។ លោក កែម ឡី បញ្ជាក់ទៀតថា នេះជាសមិទ្ធិផល​ជោគជ័យ​ទីមួយ របស់រដ្ឋាភិបាល បើទោះជាវាបានធ្វើឡើង នៅលើទុក្ខសោករបស់ប្រជាពលរដ្ឋ​នោះក៏ដោយ។

២- បានប្រែក្លាយទីលានប្រជាធិបតេយ្យ ទៅជាទីលាន«ផ្ដាច់ការ»ទាំងស្រុង។ លោកបានពន្យល់ថា ទីលាននោះ​ក្នុង​ពេលនេះ មិនត្រូវបានឲ្យនរណាចូលនោះទេ តែបើមាននរណាហ៊ានប្រព្រឹត្តិល្មើស នឹងត្រូវគេចាប់បោះ ចាប់​សែង​ចេញជាមិនខាន។

៣- បានដុតផ្ទះប្រជាជន ដោយជោគជ័យ នៅខេត្តកោះកុង និងខេត្តក្រចេះ។ ករណីនេះ ទំនងជាចង់សំដៅទៅ​លើ​ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋម្ចាស់ដី និងក្រុមហ៊ុនដីធ្លី ដែលទទួលដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល។ លោក កែម លី បានបន្ថែមទៀតថា បើទោះមាននរណាតវ៉ា ក៏គេដុតកំទេចចោលដែរ។

៤- រៀបចំពង្រាងច្បាប់ចំនួនបី ដែលឆ្លុះបញ្ចាំង ចេញពីសុឆន្ទះរបស់មនុស្សមួយក្រុម (រដ្ឋសភាឯកបក្ស) ហើយ​គេ​នឹង​បានរំពឹងទុកថា ច្បាប់ទាំងនោះ នឹងត្រូវរដ្ឋាភិបាលយកទៅធ្វើជាអាវុធដ៏មុតស្រួច ដើម្បីវាយបង្ក្រាប ធ្វើបាបទៅលើ​ពលរដ្ឋខ្លួនឯងវិញ។ ច្បាប់ទាំងបីនោះ ទំនងជាលោក កែម ឡី ចង់និយាយសំដៅ ពីច្បាប់ដំណើរប្រព្រឹត្តិទៅ​នៃប្រព័ន្ធ​តុលាការនៅកម្ពុជា ដែលទើបនឹងត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រី លើកមកពិភាក្សាសម្រេចកាលពីពេលថ្មីៗនេះ។

៥- សមិទ្ធិផលទីប្រាំនេះ ត្រូវបានលោក កែម ឡី ថ្លែងយោងពីគម្រោងច្បាប់ទាំងឡាយផ្សេងៗទៀត ដែល​រដ្ឋាភិបាល​ចង់ដាក់កំហិតទៅលើ អង្គការសង្គមស៊ីវិល សហជីព និងប្រព័ន្ធអាំងធើណែត។ គម្រោងច្បាប់ទាំងនោះ អាចនឹងប្រែ​ក្លាយជាអាវុធថ្មីបន្ថែមទៀត ផ្ដល់ឲ្យរដ្ឋាភិបាលធ្វើការរិតត្បិតទៅលើ កិច្ចការមនុស្សធម៌របស់អង្គការសង្គមស៊ីវិល ការងារដើម្បផលប្រយោជន៍កម្មកររបស់ក្រុមសហជីព និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ផ្ដល់ព័ត៌មាននៅ​តាម​បណ្ដាញ​អាំងធើណែត ឬបណ្ដាញសង្គមហ្វេសប៊ុកជាដើម។

ក្នុងការថ្លែងឲ្យដឹង ពីសមិទ្ធិផលទាំងប្រាំខាងលើ បើទោះជាករណីខ្លះ មិនត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ធ្វើដោយផ្ទាល់ក៏ដោយ តែលោក កែម ឡី ទំនងជាចង់សង្កត់ធ្ងន់ ពីការទទួលខុសត្រូវ ក្រោមការដឹកនាំ របស់​រដ្ឋាភិបាល​អាណត្តិថ្មី ដែលមានអាយុកាលត្រឹមប៉ុន្មានខែនេះ។ ប៉ុន្តែរដ្ឋាភិបាល អណត្តិថ្មី អាចមានការផ្លាស់ប្ដូរ​រូបរាង​ខាងក្រៅ តែយុទ្ធសាស្ត្រនយោបាយ ទំនងជានៅតែដដែលទេ ជាពិសេសដូចជាករណីមួយ ដែលលើកឡើងដោយ​លោក កែម ឡី ទាក់ទងនឹងអំពើ«បក្សពួកនិយម»នោះជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...