ចក់ សុភាព៖ ការរិតត្បិតព័ត៌មាន ជំរុញឲ្យពលរដ្ឋប្រើហ្វេសប៊ុកច្រើន
រដ្ឋាភិបាលកម្ពុជា បានបង្ហាញគោលជំហរជាថ្មីថា នឹងបន្តអនុញ្ញាត និងគាំទ្រឲ្យបណ្តាញសង្គម (ហ្វេសប៊ុក) បន្តប្រើប្រាស់ជាធម្មតា បើទោះអ្នកប្រើហ្វេសប៊ុកមួយចំនួន បានបង្កបញ្ហាខ្លះៗ ដែលប៉ះពាល់ដល់តម្លៃសង្គមក៏ដោយ។ ជាគោលជំហរដែលទទួលបានការស្វាគមន៍ ពីក្រុមអង្គការសមាគម ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស តែមតិមួយចំនួនបានរិះគន់ថា ការជំរុញឲ្យពលរដ្ឋប្រើងាកមកប្រើ បណ្ដាញសង្គមហ្វេសប៊ុកច្រើននោះ គឺដោយសារតែប្រទេសកម្ពុជា នៅមានការរិតត្បិតខាងព័ត៌មាននៅឡើយ។
ទំព័រហ្វេសប៊ុក របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារិទ្។ (រូបថតផ្ដិតពីហ្វេសប៊ុក)
សិទ្ធិ - នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានអត្ថាធិប្បាយថា វាគួរឲ្យលើកទឹកចិត្ត និងសាទរចំពោះគោលជំហរបស់រដ្ឋាភិបាលកម្ពុជា ដែលបន្តឲ្យពលរដ្ឋមានឱកាសប្រើហ្វេសប៊ុក ព្រោះវាជាចំណុចកណ្តាលសំខាន់មួយនៅក្នុងសង្គម និងជាការស្វែងយល់ពីគ្នាឲ្យកាន់តែច្បាស់ រវាងការដឹកនាំរបស់រដ្ឋាភិបាល និងការរស់នៅ របស់ប្រជាពលរដ្ឋ។
ការថ្លែងរបស់លោកស្រីអ្នកទទួលខុសត្រូវ របស់អង្គការសង្គមស៊ីវិលរូបនេះ បានធ្វើឡើងបន្ទាប់ពីការបញ្ជាក់ជាថ្មី របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ ថា រដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងមិនមានចេតនាបិទបណ្ដាញសង្គមនោះទេ បើទោះជាអ្នកប្រើហ្វេសប៊ុកមួយចំនួន បានបង្ហោះរូបភាពមិនសមរម្យ និងការប្រើពាក្យសម្តីអសុរោះ ក្នុងការសម្តែងមតិក៏ដោយ។ មុនចាកចេញពីប្រទេសអូស្រ្តាលី ត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០២ មេសា នេះ លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងទៀតថា រដ្ឋាភិបាលសង្ឃឹមថា អ្នកប្រើហ្វេសប៊ុក នឹងផ្តើមយល់ និងចេះប្រើហ្វេសប៊ុក ឲ្យមានតម្លៃដល់ខ្លួននិងសង្គម។
រហូតមកដល់ពេលនេះ បណ្តាញសង្គមហ្វេសប៊ុក ត្រូវគេមើលឃើញថា មានការពេញនិយម និងមានការប្រើប្រាស់កើនឡើងជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវវ័យ។ តួលេខរបស់ក្រុមហ៊ុនហ្វេសប៊ុក ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាចំនួនច្រើនជាង១លាន៣សែននាក់ មានគណនី (Account) ហ្វេសប៊ុក។
ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០២ មេសា នេះ លោកស្រី ចក់ សុភាព បានពន្យល់បន្តទៀតថា ការដែលប្រជាពលរដ្ឋកម្ពុជា ងាកទៅប្រើប្រាស់បណ្តាញសង្គម យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ គឺដោយមានព័ត៌មានមួយចំនួន ដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ មិនត្រូវគេយកមកចាក់ផ្សាយតាមវិជ្ជាជីវៈ ឬត្រូវបានគេហាមឃាត់ ការចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ឬវិទ្យុ តែព័ត៌មានទាំងនោះ បែរជាត្រូវបានបង្ហាញនៅលើទំព័រហ្វេសប៊ុក យ៉ាងព្រោងព្រាតទៅវិញ។
ក្នុងន័យបញ្ជាក់ពីភាពរិតត្បិត នៅតែកើតមាន នៅក្នុងវិស័យព័ត៌មានក្នុងប្រទេសកម្ពុជានោះ លោកស្រី ចក់ សុភាព បានសង្កត់ធ្ងន់ថា៖ «ការរិតត្បិតមិនឲ្យប្រជាពលរដ្ឋបញ្ចេញមតិ នឹងនាំឲ្យពលរដ្ឋ ទៅស្វែងរកមធ្យោបាយផ្សេងៗទៀត។ ហេតុផលនាំឲ្យពលរដ្ឋ ងាកទៅប្រើហ្វេសប៊ុក គឺដោយសារប្រព័ន្ធផ្សព្វផ្សាយ ពិសេសប្រព័ន្ធផ្សព្វផ្សាយ តាមបែបប្រពៃណី ខ្វះតម្លាភាព ត្រូវបានរិតបន្តឹង៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ មេសា ២០១៤