សុភ័ណ្ឌ ឡារី លះបង់ការងារសិល្បៈ ដើម្បីសង្គ្រោះសិល្បៈ
ជីវភាពតារា - លោក សុភ័ណ្ឌ ឡារី ដែលជាតារាសម្តែងដែលល្បីមួយរូបនៅកម្ពុជា បាននឹងកំពុងលះបង់ការងាររបស់លោក ជាសិល្បៈករបន្ដិចម្ដងៗ ដើម្បីងាកមកធ្វើសកម្មភាពសម្បុរសធម៌ ដើម្បីដល់ជនរងគ្រោះ និងជនងាយ រងគ្រោះមួយចំនួនទៀត។ តែអ្វីជាក្ដីសង្ឃឹមរបស់លោក សម្រាប់អនាគតនោះ គឺសង្គ្រោះសិល្បៈខ្មែរ ដែលលោកគិតថាមិនមានពន្លឺអ្វីឡើយ នៅក្នុងបរិយាកាសសង្គមសព្វថ្ងៃ។
ជាដំបូង សន្ទុះចិត្តដែលធ្វើអោយលោកធ្វើសកម្មភាពសម្បុរសធម៌នេះ ដោយហេតុកាលពីប្រាំមួយឆ្នាំមុន នៅមុនពេលដែលលោកក្លាយជាសិល្បៈករនោះ លោកធ្លាប់ជាអ្នកសុំទាន ជាអ្នកកម្មករសំណង់ លីប៉ាវស៊ីម៉ង់ និងដេកនៅតាមចិញ្ចើមថ្នល់។ មូលហេតុទាំងនេះហើយ ដែលធ្វើអោយលោកមិនអាចភ្លេចដើមកំណើតរបស់ខ្លួន។ លោក ឡាវី បានថ្លែងឲ្យដឹងថា «អ្វីដែលជាភាពលំបាក ដែលខ្ញុំធ្លាប់ជួបពីមុនមក ខ្ញុំនឹងជួយដល់អ្នកដែលធ្លាប់ពិបាកដូចខ្ញុំ ហើយសកម្មភាពសម្បុធម៌នេះ ខ្ញុំក៏នៅតែបន្ត។»
បើតាមការបង្ហោះរូបភាព និងវីដេអូមយយចំនួន នៅក្នុងទំព័ររបស់ខ្លួននោះ ឃើញថាលោកសុភ័ណ្ឌ ឡារី បានចូលរួមសកម្មភាពសម្បុរសធម៌ជាច្រើន ជាពិសេសគឺការជួយស្វែងរកជំនួយពីសប្បុរសធម៌ពីក្រៅប្រទេស មកជួយជនរងគ្រោះពីការបង្រ្កាប នៅសួនកាណាឌីយ៉ាលើផ្លូវវេងស្រេង កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៤កន្លងទៅ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ តារាសម្តែងរូបនេះបានអោយដឹងទៀតថា «តាំងពីបានចូលរួមហែរក្បួន ជាមួយគណបក្សសង្រ្គោះជាតិមក គេបានបញ្ឈប់ការសម្តែងរបស់ខ្ញុំ មួយសារហើយ។ ហើយកាលពី២អាទិត្យមុន គេបានចេញក្រដាសមួយមក គេហាមខ្ញុំម្តងទៀត ជាមួយនឹងសិស្សប្អូនជាសិល្បៈករ៦នាក់ទៀត។»
តារាសម្តែង ដែលអតីតជាកម្មករសំណង់រូបនេះ ក៏បានអោយដឹងទៀតថា «ក្រោយពីគេបានផ្អាកការសម្តែងរបស់ខ្ញុំ ឥលូវនេះខ្ញុំទាន់មានមុខរបរអីប្រកបនៅឡើយទេ។ ហើយវាពិតប្រកដណាស់ វាធ្វើអោយជីវភាពរបស់ខ្ញុំកាន់តែពិបាក ព្រោះខ្ញុំជាកូនអ្នកក្រ ម្តាយរបស់ខ្ញុំក៏ពិការ ហើយខ្ញុំត្រូវទទួលបន្ទុកមើលប្អូន មើលក្មួយ និងម៉ាក់ខ្ញុំផង។»
បើទោះបីជាត្រូវបាន គេផ្អាកការសម្តែងមួយរយះក៏ដោយ ក៏តារាសម្តែងរូបនៅតែរក្សាទឹកចិត្តស្រលាញ់សិល្បះ និងចង់វប្បធម៌សិល្បះខ្មែររីកចំរើន «ខ្ញុំចង់អោយសិល្បះដែលខ្ញុំស្រលាញ់ហ្នឹង រីកចំរើនដូចប្រទេសគេដែរ។ លើសពីនេះ ទៅទៀត ចង់អោយជីវភាពអ្នកសិល្បះដូចខ្ញុំ ពេលចាស់ទៅ អាចមានជីវភាពសមរម្យ មិនមែនអត់ស៊ីអត់ឃ្លានអញ្ចឹងទេ។ ហើយក៏មិនចង់អោយគេ មើលងាយអ្នកសិល្បះដែរ។»
ចំពោះចម្លើយ ដែលឆ្លើយនឹងសំណួរដែលសួរថា តើលោកមានការស្តាយក្រោយដែរឬទេ ចំពោះការដែលត្រូវគេផ្អាកមិនអោយសម្តែង? តារាសង្ហារាងខ្ពស់ស្រលះ និងដែលមិនបានឡើងសម្តែងអស់ជាច្រើនខែផងរូបនេះ បានអះអាងថា «ខ្ញុំមិនស្តាយក្រោយនោះទេ ទោះបីជាខ្ញុំមិនបានសម្តែងបន្តទៅទៀតក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមអោយបានសម្រេច ក្នុងការសង្រ្គោះសិល្បៈវប្បធម៌ ដែលខ្ញុំស្រលាញ់។»
សន្តានចិត្ត និងសកម្មភាពរបស់តារាសម្តែងរូបនេះ ក៏ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្ដែងការកោតសសើរ ប៉ុន្តែមួយចំនួនទៀតបានរិះគន់ ដោយបានចោទតារារូបនេះថា យកសិល្បៈមកបម្រើឲ្យនយោបាយ។ មិនមែនត្រឹមតែ លោក សោភ័ណ្ឌ ឡាវី ប៉ុណ្ណោះទេ តែអ្នកសិល្បៈមួយចំនួនទៀត ក៏បានចូលខ្លួនទៅបម្រើនយោបាយដែរ។ ការបង្ហាញពីនិន្នាការនយោបាយ របស់ក្រុមសិល្បៈករទាំងនេះ រងនូវការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សនយោបាយតែរៀងខ្លួន។ ប៉ុន្តែ បើនិយាយពីសិទ្ធិនយោបាយរបស់ពលរដ្ឋ អ្នកសិល្បៈករណាក៏ដោយ ក៏មានដូចគ្នា និងស្មើៗគ្នាទៅនឹងពលរដ្ឋធម្មតាដែរ គ្រាន់តែគេត្រូវមានគោលជំហរមួយ និងគិតគូរឲ្យបានច្បាស់ពីក្រុមអ្នកនយោបាយនោះ ថាវាមិនមែនជាក្រុម«នយោបោកដើម្បីតែអំណាច»នោះឡើយ៕
-----------------------------------------------
ដោយ៖ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤